ដំរី«ឡាក់គី»ដ៏ឆ្លាតវៃបានស្លាប់ហើយនៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ដោយសារជំងឺភ្លាមៗ

 

រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជូនដំណឹងថា ដំរីញីជាទីស្រឡាញ់ឈ្មោះ«ឡាក់គី» បានស្លាប់ នៅព្រឹកទី២៤ ខែសីហា បន្ទាប់ពីធ្លាក់ខ្លួនឈឺភ្លាមៗកាលពីល្ងាចថ្ងៃសុក្រនេះ។

ក្រុមពេទ្យសត្វបានផ្តល់ការព្យាបាលយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុតប៉ុន្តែទោះបីជាបានប្រឹងប្រែងព្យាយាមអស់ពីសមត្ថភាពក៏ដោយក៏នៅតែមិនអាចជួយសង្គ្រោះជីវិតរបស់ឡាក់គីបាន។

លោកទ្រី ស៊ីថេង ដែលជាហ្មរបស់ឡាក់គីបានបន្តជួយថែទាំ«ឡាក់គី»បើទោះបីជាបានចាកចេញពី Wildlife Alliance ហើយក៏មានវត្តមាននៅជាប់ជាមួយឡាក់គី នៅពេលមានអាការៈជំងឺផងដែរ។

រដ្ឋបាលព្រៃឈើបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់របស់ក្រុមអ្នកថែទាំ ពេទ្យសត្វ និងបុគ្គលិកទាំងអស់នៅមជ្ឈមណ្ឌលភ្នំតាម៉ៅជាពិសេស លោក ទ្រី ស៊ីថេង ដែលប្រៀបដូចជាឪពុកដែលបានផ្តល់ក្តីស្រឡាញ់និងការថែទាំ «ឡាក់គី» ប្រកបដោយវិជ្ជាជីវៈយ៉ាងខ្ជាប់ខ្ជួនពេញមួយជីវិត។

រដ្ឋបាលព្រៃឈើ សូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមហ្មថែទាំដំរីព្រមទាំងបងប្អូនប្រជាពលរដ្ឋ និងអ្នកស្រឡាញ់ដំរី «ឡាក់គី» ទាំងអស់ចំពោះការបាត់បង់ដំរីដែលជានិមិត្តរូបមួយដ៏សំខាន់នៃមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ។

សម្រាប់រយៈពេលជាង ២៦ឆ្នាំ នៃការចិញ្ចឹមបីបាច់ថែរក្សានៅក្នុងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដំរី«ឡាក់គី» បានវិវត្តពីកូនដំរីតូចមួយទៅជានិមិត្តរូបនៃភាពអង់អាច ភាពទន់ភ្លន់ និងបានបំផុសគំនិតឱ្យសាធារណជនមានការស្រឡាញ់ និងការលើកកម្ពស់ការយល់ដឹងអំពីសុខុមាលភាពដំរី និងការអភិរក្សសត្វព្រៃ។

រដ្ឋបាលព្រៃឈើនៅតែបន្តប្តេជ្ញាការពារ និងថែរក្សាសត្វព្រៃនៅកម្ពុជា និងសូមអំពាវនាវដល់សាធារណជនទាំងអស់បន្តចូលរួមគាំទ្រកិច្ចការអភិរក្សសត្វព្រៃ និងការងារថែទាំសត្វនៅមជ្ឈមណ្ឌលភ្នំតាម៉ៅដើម្បីជំរុញការយកចិត្តទុកដាក់លើធនធានសត្វព្រៃរបស់យើងឱ្យបានដូចដំរី«ឡាក់គី»ក្នុងពេលកន្លងមក៕

 

Leave a Reply

Your email address will not be published. Required fields are marked *