(កំពង់ចាម)៖ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥នេះ បានអញ្ជើញរួមដំណើរជាមួយឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទឹងត្រង់បានអញ្ជើញនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ចែកជូនដល់ប្រជាពលរដ្ឋភៀសសឹក និងបងប្អូនពលករចំនួន ៦៣២គ្រួសារ នៅស្រុកស្ទឹងត្រង់ និងស្រុកចំការលើ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានលើកឡើងថា ប្រការដែលនាំឱ្យពុកម៉ែបងប្អូនត្រូវភៀសខ្លួនរត់ចោលផ្ទះសម្បែង និងទ្រព្យសម្បត្តិផ្សេងៗ នេះគឺបង្កឡើងដោយកងទ័ពឈ្លានពានសៀម ដែលតែងតែបង្កជម្លោះនៅតាមខ្សែបន្ទាត់ព្រំដែនក្នុងនោះទាហានសៀមបានបាញ់មកលើទាហានខ្មែរមុនហើយបានប្រកាសបិទព្រំដែនដោយឯកតោភាគី ប្រកាសគំរាមបិទការផ្គត់ផ្គង់ចរន្តអគ្គិសនី និងផ្តាច់ប្រព័ន្ធអ៊ីនធើណែតជាដើម។
ឯកឧត្តមអភិបាលខេត្តបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបង្កើនជំនឿជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជាពិសេសគឺសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការស្វែងរកសន្តិភាពតាមរយៈការខិតខំប្រឹងប្រែងចរចាដើម្បីបញ្ចៀសសង្គ្រាម បង្ហូរឈាមដែលអាចឆ្លងផុតពីគ្រោះភ័យហើយបងប្អូនប្រជាពលរដ្ឋភៀសសឹកយើងនឹងអាចវិលត្រឡប់ទៅកាន់លំនៅឋានដើមវិញ ដោយសុវត្ថិភាពក្នុងពេលឆាប់ៗនេះ។
គួរបញ្ជាក់ថា អំណោយរបស់សម្តេចមហាបវរធិបតី និងលោកជំទាវដែលត្រូវចែកជូនប្រជាពលរដ្ឋភៀសសឹក និងបងប្អូនពលករនៅក្នុងស្រុកស្ទឹងត្រង់ចំនួន ៣៣២គ្រួសារ និងស្រុកចំការលើចំនួន ៣០០គ្រួសារដោយក្នុង១គ្រួសារទទួលបានរួមមាន អង្ករ ១០គីឡូក្រាម, មី ១កេស, ទឹកសុទ្ធ ១កេស, ភេសជ្ជៈ ១កេស, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, សៀង ១យួរ និងថវិកាមួយចំនួនផងដែរ៕








