កាលពីវេលាម៉ោងប្រមាណ ០២:០០នាទី រំលងអធ្រាត្រ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ មានជនសង្ស័យ ០១ក្រុម មានគ្នាប្រមាណ ៦០-៧០នាក់ មធ្យោបាយម៉ូតូប្រមាណ ៥០គ្រឿង ប្រដាប់ដោយដំបងដែកទីប ដងឆ័ត្រ ដំបងឫស្សី កាំបិតប៉័ងតោ និងដុំថ្មធ្វើសកម្មភាពកាប់វាយ និងគប់លួចយកម៉ូតូចំនួន ០១គ្រឿង ម៉ាក Nex ពណ៌ស ឆ្នាំផលិត២០១៧ ស្លាកលេខ ភ្នំពេញ 1GG-9108 ពីជនរងគ្រោះ និងមិត្តភក្តិមានគ្នា ៦នាក់ ដែលកំពុងអង្គុយនៅតូបលក់អីវ៉ាន់នៅចំណុចផ្លូវឈ្នះៗ ខាងកើតវិមានឈ្នះៗ ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បណ្ដាលឱ្យអ្នកខ្លះរងរបួស និងខូចខាតម៉ូតូមួយចំនួនរួចក៏នាំគ្នាជិះគេចខ្លួនបាត់តែម្តង។ ទន្ទឹមនឹងនោះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដែលប្រចាំការការពារនៅវិមានឈ្នះៗ បានធ្វើអន្តរាគមន៍ភ្លាមៗ ដោយឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ លឹម ហេងលាភ ភេទប្រុស ប្រគល់ជូនកម្លាំងជំនាញ មូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារដើម្បីចាត់ការបន្តតាមនីតិវិធី។ ក្រោយពេលសាកសួរជនសង្ស័យឈ្មោះ លឹម ហេងលាភ រួចមកកម្លាំងជំនាញអាវុធហត្ថខណ្ឌជ្រោយចង្វារបានសហការជាមួយកម្លាំងជំនាញ ការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងជំនាញអាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យ បន្តការស្រាវជ្រាវរហូតកំណត់មុខសញ្ញាឈានដល់ការឃាត់ខ្លួនជនសង្ស័យជាបក្ខពួកម្នាក់ទៀតឈ្មោះ ផេង វិច្ឆិកា ភេទប្រុស នៅចំណុច បន្ទប់ជួលលេខ៣០ ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ១២:២០នាទី និងបានបន្តពន្លាតដែនសមត្ថកិច្ចសហការជាមួយកម្លាំងជំនាញកម្លាំងជំនាញអាវុធហត្ថ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ឃាត់ខ្លួនជនសង្ស័យ ភេទប្រុស ចំនួន ០២នាក់ទៀត ឈ្មោះ សល់ សុវណ្ណ និងឈ្មោះ ចំរើន បញ្ញា នៅចំណុចផ្លូវលំ ភូមិតាស្គរ សង្កាត់សារិកាកែវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ រហូតដល់វេលាម៉ោងប្រមាណ ១៧:៣០ ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចជំនាញបន្តសហការជាមួយ និងកម្លាំងជំនាញអាវុធហត្ថ ខណ្ឌដូនពេញ ធ្វើការឃាត់ខ្លួនជនសង្ស័យ ០១នាក់ទៀត ឈ្មោះ ហ៊ុល វណ្ណៈសុផា ហៅ ង៉ោល ភេទប្រុស នៅចំណុច ផ្លូវ១០៣កែង១១០ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បញ្ជូនមក ការិយាល័យជំនាញកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។ វត្ថុតាងចាប់យក៖ ម៉ូតូ០១គ្រឿងម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅស្លាកលេខភ្នំពេញ 1JX-8982, បំពង់ទីប ០១ដើម, ដុំថ្ម០៥ដុំ រួមនឹងសម្ភារៈមួយចំនួនទៀតក្រោមវិធានការជំនាញ ក្មេងទំនើងទាំង០៥នាក់ បានសារភាពឱ្យដឹងដូចៗគ្នាថា ពួកខ្លួន និងបក្សពួកជាច្រើននាក់ទៀតដែលកំពុងរត់គេចខ្លួនពិតជាបានធ្វើសកម្មភាពយកដំបងដែកទីប ដងឆ័ត្រ ដំបងឫស្សី កាំបិតប៉័ងតោ និងដុំថ្ម ធ្វើសកម្មភាពវាយ គប់ លួចយកម៉ូតូ០១គ្រឿង របស់ជនរងគ្រោះពិតប្រាកដមែន។
ជនសង្ស័យទាំង០៥នាក់រួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ចំណែកឯបក្សពួកដែលកំពុងរត់គេចខ្លួន សមត្ថកិច្ចជំនាញអាវុធហត្ថរាជធានីភ្នំពេញកំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត៕
