(ខេត្តប៉ៃលិន)៖ មកដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥នេះ បើគេសង្កេតមើលទៅក្នុងវាលស្រែដ៏ធំល្វឹងល្វើយឆ្ងាយដាច់កន្ទុយភ្នែកស្ថិតនៅក្នុងភូមិភ្នំកុយ និងភូមិនានា ក្នុងឃុំសាលាក្រៅ ស្រុកសាលាក្រៅ ឃើញដំណាំស្រូវប្រាំងឆ្នាំ២០២៥នេះ មានទឹកដក់ក្នុងស្រែគ្រប់គ្រាន់ ពោលគឺមានអំណោយផលល្អដោយសារតែភ្លៀងធ្លាក់មធ្យមធ្វើឱ្យប្រជាពលរដ្ឋមានចិត្តសប្បាយរីករាយហើយសង្ឃឹមថានឹងទទួលបានទិន្នផលខ្ពស់ខណៈដែលការប្រមូលផលកាន់តែកៀកខិតជិតមកដល់។
បើតាមការរៀបរាប់ពីកសិករម្នាក់ ឈ្មោះ ញឹម ប៊ុនលី ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនបានឱ្យភ្នាក់ងារយើងដឹងថា លោកមានស្រែប្រាំងចំនួន៣ហិកតា ស្ថិតនៅក្នុងភូមិខាងលើ ដោយចាប់តាំងពីព្រោះគ្រាប់ស្រូវរហូតមកដល់ពេលនេះមានរយៈពេលជិត៣ខែមកហើយគឺសង្កេតឃើញដើមស្រូវដុះលូតលាស់យ៉ាងល្អគួរឱ្យកត់សម្គាល់ពោលគឺបញ្ចេញពណ៌ខៀវខ្ចីពេញផ្ទៃដីស្រែតែម្តងក៏មានទឹកគ្រប់គ្រាន់ មិនខ្វះដូចឆ្នាំមុនៗ ឡើយ។ លោកបន្តទៀតថា នៅពេលប្រមូលផលស្រូវនាថ្ងៃខាងមុខ លោកសង្ឃឹមថានឹងទទួលបានទិន្នផលខ្ពស់ អាចលក់បានប្រាក់សងជំពាក់បំណុលគេ និងទុកមួយចំនួនសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។
លោកបញ្ជាក់ទៀតថា តម្លៃស្រូវប្រភេទអូអឹម៥១៥៤ ឈ្មួញទិញ ក្នុង១គីឡូក្រាម តម្លៃ៦០០រៀល។ រីឯស្រូវប្រភេទស្រងែឈ្មួញទិញក្នុង១គីឡូក្រាម តម្លៃ៦៦០រៀល ក៏អាចទាបជាងនេះ បើសិនជាគ្រាប់ស្រូវដែលប្រមូលផលរួច មិនសូវល្អមានលាយផ្កាស្មៅ ឬគ្រាប់ក្រជីបជាដើម។ ទោះបីជាយ៉ាងណាក៏ដោយ ក្រោយពេលប្រមូលផលលក់រួចនាថ្ងៃខាងមុខឆាប់ៗ នេះ លោកអាចនឹងទទួលបានថវិកាសងជំពាក់បំណុលគេរួចរាល់ដោយសល់ខ្លះទុកធ្វើពូជបន្តទៀត។
បើតាមប្រភពពីលោក សាយ សុផាត ប្រធានមន្ទីរកសិកម្មខេត្តប៉ៃលិនបានឱ្យដឹងដែរថា ចំពោះការងារដាំដុះដំណាំស្រូវ នាឆ្នាំ២០២៥នេះគឺប្រជាពលរដ្ឋអនុវត្តបាន (បូកយោងសរុប ៨ ៦១៧ហិកតា) ។ លោកបន្តទៀតថា រីឯការងារប្រមូលផលដំណាំស្រូវជាទូទៅគឺអនុវត្តបានចំនួន ៦ហិកតា ស្មើនឹងបរិមាណផល ៣១.៤តោន (បូកយោងសរុប ៧៣ហិកតា និងបរិមាណផលស្មើនឹង ៣៨២តោន) ដោយនៅឆ្នាំថ្មីនេះ ការប្រមូលផលស្រូវប្រាំងរបស់ប្រជាពលរដ្ឋសង្ឃឹមថានឹងទទួលបានទិន្នផលខ្ពស់ជាង ឬប្រហាក់ប្រហែលនឹងឆ្នាំមុនៗដែរព្រោះឆ្នាំនេះ មានទឹកភ្លៀងធ្លាក់មធ្យម មិនខ្វះខាតទឹកបូមបញ្ចូលស្រែប្រាំង និងស្រែវស្សានោះឡើយ ៕





