(ព្រៃវែង)៖ នៅថ្ងៃព្រហស្បតិ៍ ១២កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្ដម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានអញ្ជើញចូលរួមពិធីដង្ហែយាងព្រះបរមអដ្ឋិធាតុព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” ស្ថិតក្រោមព្រះរាជធិបតីដ៏ខ្ពង់ខ្ពស់សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ និងជាព្រះប្រធានគណៈសង្ឃនាយក នៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជាតម្កល់គោរពបូជាក្នុងទីព្រះបរមចេតិយ វត្តព្រៃពោន ភូមិព្រៃពោន ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ និងជាព្រះប្រធានគណៈសង្ឃនាយកនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជាមានព្រះរាជបន្ទួលថា ខេត្តព្រៃវែងពិតជាមានមោទនភាពយ៉ាងក្រៃលែងដែលបានតម្កល់នៅព្រះបរមអដ្ឋិធាតុ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ (ព្រះបរមរតនកោដ្ឋ) ដែលនេះបង្ហាញឱ្យឃើញថា ខេត្តព្រៃវែងជាខេត្តមួយដែលព្រះមហាក្សត្រ ព្រះករុណាព្រះបាទព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់សពព្រះហឬទ័យក្នុងការតម្កល់ព្រះបរមអដ្ឋិធាតុ ព្រះបរមរតកោដិ នៅលើទឹកដីខេត្តព្រៃវែងសម្រាប់ប្រជានុរាស្ត្ររបស់ព្រះអង្គគោរពបូជាបានគ្រប់ពេលវេលា។
សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាមានព្រះរាជបន្ទូលបន្ថែមថា ស្នាមព្រះហស្ថរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះ បរមរតនកោដ្ឋ» គឺជាឥស្សរជនលេចធ្លោបំផុតលើឆាកជាតិ និងអន្តរជាតិក្នុងការទាមទារឯករាជ្យជាតិ និងមានស្នាមព្រះហស្ថរាប់មិនអស់សម្រាប់ជាតិដូច្នេះប្រជានុរាស្ត្រគ្រប់រូបតែងតែចងចាំមិនអាចភ្លេចនូវគុណនូបការៈដ៏ជ្រាលជ្រៅ វិសេសថ្លៃថ្លានៃស្នាព្រះហស្ថរបស់ព្រះអង្គដោយការគោរព និងក្តីអាលោះអាល័យជានិច្ចផងដែរ។
សម្ដេចព្រះមហាសង្ឃរាជមានព្រះរាជបន្ទូលបន្ថែមថា ខេត្តព្រៃវែងជាខេត្តទី៨ ហើយដែលត្រូវបានដង្ហែព្រះបរមអដ្ឋិធាតុ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ (ព្រះបរមរតនកោដ្ឋ) តម្កល់គោរពបូជាក្នុងទី ព្រះបរមចេតិយ វត្តព្រៃពោន ភូមិព្រៃពោន ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែងនេះហើយបុណ្យនេះកើតឡើងដោយសទ្ធាជ្រះថ្លាពីញាតិញោមពុទ្ធបរិស័ទជិតឆ្ងាយគ្រប់ៗគ្នាទាំងអស់ដោយការគោរពស្រឡាញ់ចំពោះព្រះបរមរតនកោដ្ឋដែលជាមហាវីរក្សត្រដែលមានស្នាព្រះហស្ថជាច្រើនសម្រាប់ជាតិមាតុភូមិ៕












