(ខេត្តប៉ៃលិន)៖ កាលពីព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមប្រឹក្សាខេត្តប៉ៃលិនបានបើកកិច្ចប្រជុំសាមញ្ញលើកទី១៦ អាណត្តិទី៤ របស់ខ្លួនស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត នាយក នាយករងរដ្ឋបាលខេត្ត នាយកទីចាត់ការ លោក-លោកស្រី ប្រធានមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត និងអាជ្ញាធរក្រុង-ស្រុកជាច្រើននាក់ផងដែរ។
ក្នុងកិច្ចប្រជុំនេះមានរបៀបវារៈដូចជា៖
១.ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១៥ របស់ក្រុមប្រឹក្សាខេត្តប៉ៃលិន អាណត្តិទី៤។
២.ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងារប្រចាំខែសីហា ឆ្នាំ២០២៥ និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តប៉ៃលិន។
៣. បញ្ហាផ្សេងៗ។
ក្រោយពីបានស្តាប់ការលើកឡើងពីរបៀបវារៈ និងបញ្ហាសំខាន់ៗក្នុងកិច្ចប្រជុំរួចមក លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ក្រើនរំលឹកមន្ទីរជំនាញស្ថាប័នជុំវិញខេត្ត និងអាជ្ញាធរក្រុង/ស្រុក ត្រូវមើលឡើងវិញនូវរាល់បញ្ហានាពេលកន្លងមក មិនត្រូវទុកចោលនោះទេគឺត្រូវដោះស្រាយជូនពលរដ្ឋឱ្យបានទាន់ពេលវេលាដោយមិនត្រូវរើសអើង ប្រកាន់បក្សពួកនិយម និងគ្រួសារនិយមជាពិសេសត្រូវខិតខំដុសខាត់ទាំងចំណេះដឹង និងសមត្ថភាពក្នុងនាមជាតំណាងសាធារណៈ ស្វ័យភាពរបស់មូលដ្ឋានដើម្បីអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋប្រកបដោយសមធម៌ បរិយាប័ន្ន និងមានចីរភាពឈានឆ្ពោះទៅរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ។
លោកជំទាវបណ្ឌិតអភិបាលខេត្តក៏បានមានប្រសាសន៍កោតសរសើរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទដែលកន្លងមកបានសហការគ្នាធ្វើការងារតាមតួនាទីភារៈកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ជាពិសេសបានចូលរួមក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការបម្រើសេវាសាធារណៈនានាបានល្អប្រសើរ និងបានកសាងសមិទ្ធផលនានានៅតាមមូលដ្ឋានឱ្យលេចឡើងជារូបរាង ដែលជាការរួមចំណែកឱ្យខេត្តប៉ៃលិនយើងមានភាពរីកចម្រើនស្របតាមគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
មានប្រសាសន៍បូកសរុបក្នុងកិច្ចប្រជុំ ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិនបានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តប៉ៃលិនដែលមានលោកជំទាវបណ្ឌិត បាន ស្រីមុំ ជាអភិបាលខេត្តបានខិតខំប្រឹងប្រែងធ្វើការដោះស្រាយនូវរាល់បញ្ហានានាជូនដល់ប្រជាពលរដ្ឋ និងការអនុវត្តនូវគោលនយោបាយភូមិ/ឃុំមានសុវត្ថិភាពនៅតាមមូលដ្ឋានប្រកបដោយប្រសិទ្ធិភាពខ្ពស់ និងបានធ្វើការអភិវឌ្ឍខេត្តឱ្យមានការរីកចម្រើនជាបន្តបន្ទាប់គួរជាទីមោទនៈដែលធ្វើឱ្យភ្ញៀវជាតិ និងអន្តរជាតិមកកំសាន្តមានការស្ងើចសរសើរមិនដាច់ពីមាត់ចំពោះការកែប្រែមុខមាត់ថ្មីរបស់ខេត្តប៉ៃលិនជាពិសេសបានជួយសម្របសម្រួល ដោះស្រាយបញ្ហាជូនប្រជាពលករដែលវិញត្រឡប់មកពីប្រទេសថៃតាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ និងបានស្វះស្វែងទំនាក់ទំនងជាមួយក្រុមហ៊ុនរកការងារជូនបងប្អូនពលករទាំងនោះផងដែរ។
នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមប្រធានក្រុមប្រឹក្សាក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ត្រូវបន្តខិតខំបន្ថែមទៀតក្នុងន័យបម្រើដល់ផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋដោយត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើការដោះស្រាយបញ្ហាប្រឈមនានាក៏ដូចជាបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័សទាន់សភាពការណ៍ និងមានប្រសិទ្ធភាពខ្ពស់ស្របទៅនឹងគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះផងដែរ៕





