ឯកឧត្តមបណ្ឌិត សៀ សុភ័ក្រ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានមានប្រសាសន៍ថា ប្រជាជនកម្ពុជាបានរងទុក្ខវេទនាដោយសារសង្គ្រាមអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយយើងទើបតែទទួលបានសន្តិភាពពេញលេញក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ជាអកុសលសន្តិភាពដែលយើងកំពុងតែទទួលបានត្រូវបានរំខានដោយប្រទេសជិតខាងកម្ពុជា។ ក្នុងនាមយើងខ្ញុំជាគ្រិស្តបរិស័ទ និងជាពលរដ្ឋកម្ពុជាដែលស្រឡាញ់សន្តិភាព យើងខ្ញុំសូមថ្លែងសារអំពាវនាវដល់សហគមន៍អន្តរជាតិ ព្រមទាំងអង្គការសាសនា និងអង្គការសិទ្ធិមនុស្ស សូមឱ្យជួយអន្តរាគមន៍ជាបន្ទាន់ ដើម្បីដោះស្រាយវិបត្តិជម្លោះដោយសន្តិវិធី ហើយស្ដារសេចក្តីសុខសាន្តឡើងវិញជូនប្រទេសជាតិកម្ពុជាយើងខ្ញុំនេះផង។
ឯកឧត្តមបណ្ឌិតបានបន្តថា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ កងទ័ពថៃបានបើកការវាយប្រហារលើទីតាំងយោធារបស់កម្ពុជា នៅតំបន់មុំបីដែលជាទឹកដីក្នុងដែនអធិបតេយ្យរបស់កម្ពុជាបណ្តាលឱ្យកងទ័ពខ្មែរមួយរូបបានបាត់បង់ជីវិត។ ភាគីថៃនៅតែបន្តប្រើប្រាស់ផែនទីឯកតោភាគីរបស់ខ្លួនហើយបដិសេធមិនទទួលស្គាល់ខ្សែព្រំដែនដែលត្រូវបានកំណត់ដោយសន្ធិសញ្ញាឆ្នាំ១៩០៤ និង ១៩០៧ ដែលថៃខ្លួនឯងក៏បានចុះហត្ថលេខាទទួលស្គាល់។ ជាងនេះទៅទៀត ខ្សែព្រំដែននេះក៏ត្រូវបានទទួលស្គាល់ដោយ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅឆ្នាំ១៩៦២ និងម្ដងទៀតនៅឆ្នាំ២០១៣ ផងដែរ។ កម្ពុជាបានស្វះស្វែងរកដំណោះស្រាយដោយសន្តិវិធី និងបានស្នើជាច្រើនលើកច្រើនសារឱ្យភាគីថៃយល់ព្រមយកសំណុំរឿងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ ទោះជាយ៉ាងនេះក្តី ភាគីថៃបានបដិសេធសំណើនេះហើយផ្ទុយទៅវិញបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមទៅវិញរួចក៏វាយប្រហារយ៉ាងគំហុកមកលើកម្ពុជា។
ចក្ខុបណ្ឌិត ប៉ាង សាម៉ន បានលើកឡើងថា ការឈ្លានពានរបស់កងទ័ពថៃមកលើកម្ពុជាគឺបានបង្ខំឱ្យប្រជាជនកម្ពុជារាប់ម៉ឺននាក់ត្រូវភៀសខ្លួនទៅកាន់តំបន់មានសុវត្ថិភាព។ បច្ចុប្បន្នពួកគេកំពុងរស់នៅដោយភាពភ័យខ្លាច យុវជន និងកុមារជាច្រើនរូបបានខកខានក្នុងការសិក្សាហើយហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា សាលារៀន មណ្ឌលសុខភាព ទីតាំងប្រតិបត្តិជំនឿសាសនា និងលំនៅឋាន ជាច្រើនខ្នងត្រូវបានបំផ្លិចបំផ្លាញយ៉ាងដំណំ ដោយសារគ្រាប់កាំភ្លើងធំ គ្រាប់បែកដែលទម្លាក់ពីយន្តហោះចម្បាំង F-16 របស់ថៃ និងគ្រាប់បែកដែលទម្លាក់ដោយដ្រូន។ លោកបានបន្តទៀតថា យើងខ្ញុំសូមគាំទ្រ និងជឿជាក់យ៉ាងពេញទំហឹងលើគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការស្វែងរកសន្តិភាព និងដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ។ យើងខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ វីរៈកងទ័ព និងកងកម្លាំងប្រដាប់អាវុធកម្ពុជាទាំងអស់ដែលកំពុងឈរជើងយ៉ាងក្លាហាន ដើម្បីប្រយុទ្ធតស៊ូ និងការពារបូរណភាពទឹកដីរបស់យើងសូមព្រះយេស៊ូវគ្រិស្ដប្រទានពរដល់កម្ពុជាឱ្យមានសុខសន្តិភាពជាអង្វែងតរៀងទៅ។ ជាចុងបញ្ចប់នៃកម្មវិធីក៏មានការប្រមូលជាមូនិធិសម្រាប់គណៈកម្មាធិការគ្រិស្តបរិស័ទកម្ពុជាសម្រាប់ជាជំនួយទៅដល់កងទ័ពជួរមុខដើម្បីបំពេញបេសកកម្មការពារព្រំដែនកម្ពុជាឱ្យស្ថិតស្ថេរពីសំណាក់ប្រទេសដែនបានឈ្លានពានទឹកដីកម្ពុជាយើងផងដែរ៕











