(ខេត្តប៉ៃលិន)៖ រហូតមកដល់ពេលនេះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងក្រុមការងាររួមជាមួយអាជ្ញាធរមូលដ្ឋាន កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខដល់បងប្អូនប្រជាពលករខ្មែរដែលបន្តវិលត្រឡប់មកពីប្រទេសថៃវិញ ចំនួន ១៦០នាក់ទោះបីជានៅតាមព្រំដែនត្រង់តំបន់មួយចំនួនកំពុងតែមានភាពតានតឹងដាក់គ្នារវាងយោធាថៃជាមួយប្រជាពលរដ្ឋខ្មែរក៏ដោយដែលការជួបសំណេះសំណាលនេះបានធ្វើឡើងនៅក្នុងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
បើតាមប្រសាសន៍របស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបានលើកឡើងដោយនាំមកនូវក្ដីនឹករលឹក និងសេចក្ដីស្រលាញ់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ប្រជាពលរដ្ឋ ដែលបានត្រឡប់មកពីប្រទេសថៃក្នុងគ្រាដែលមានការឈ្លានពានពីសំណាក់កងទ័ព និងអាជ្ញាធរថៃមកលើទឹកដីកម្ពុជាថា សម្តេចទាំងពីរតែងតែយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋគ្រប់កាលទេសៈដោយមិនទុកប្រជាពលរដ្ឋណាម្នាក់ចោលដោយមិនបានដឹង និងមិនបានដោះស្រាយជូននោះឡើយ។
លោកជំទាវអភិបាលខេត្តបានអំពាវនាវដល់បងប្អូនប្រជាពលករខ្មែរដែលទើបតែត្រឡប់មកពីប្រទេសថៃវិញថា សូមឱ្យបងប្អូនបន្ដមកស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសរបស់យើងវិញព្រោះបច្ចុប្បន្ននេះ ប្រទេសកម្ពុជាក៏មានតម្រូវការជ្រើសរើសបុគ្គលិកធ្វើការជាច្រើនផ្នែកផងដែរ ក្នុងពេលដែលបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃមិនទាន់ដោះស្រាយរួចរាល់។ លោកជំទាវបញ្ជាក់ទៀតថា បើសិនជាបងប្អូនធ្វើចំណាកស្រុកត្រឡប់ទៅធ្វើការងារនៅប្រទេសថៃវិញនោះវាមិនមែនជារឿងដែលងាយស្រួលនោះឡើយក៏អាចនឹងជួបបញ្ហាប្រឈមជាមួយពួកជ្រុលនិយមថៃអាចនឹងមានគ្រោះថ្នាក់ដល់អាយុជីវិតផងដែរ។ ដូច្នេះយើងត្រូវរួបរួមសាមគ្គីគ្នាក្នុងស្មារតីជាតិខ្មែរតែមួយដោយងាកមកស្វែងរកការងារធ្វើក្នុងប្រទេសរបស់យើងគឺប្រើប្រាស់ផលិតផលរបស់យើង រួមគ្នាពង្រឹងខឿនការពារជាតិ និងខឿនសេដ្ឋកិច្ចជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃពីប្រមុខរាជរដ្ឋាភិបាលកម្ពុជារបស់យើង។
លោកជំទាវអភិបាលខេត្តបានរំលឹកផងដែរថា កន្លងមករាជរដ្ឋាភិបាលកម្ពុជាតែងតែបានណែនាំឱ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈត្រៀមជួយស្វែងរកការងារក្នុងប្រទេសជូនបងប្អូនដែលត្រលប់មកពីប្រទេសថៃវិញដោយបច្ចុប្បន្ននៅក្នុងប្រទេសយើងមានការខ្វះកម្លាំងពលកម្មជាមធ្យមជាង៧ម៉ឺននាក់ហើយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រៀមលក្ខណៈក្នុងការជួយអន្តរាគមន៍ដល់បងប្អូនពលករខ្មែរដែលត្រូវត្រឡប់មកវិញដើម្បីសម្រួលជីវភាពប្រចាំថ្ងៃ។ តាមរយៈកញ្ចប់អន្តរាគមន៍សេដ្ឋកិច្ច និងសង្គមកិច្ចមួយចំនួនជាមួយគ្នានេះសមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានពិនិត្យមើលពីលទ្ធភាពក្នុងការជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់បងប្អូនប្រជាពលករដែលត្រលប់មកពីប្រទេសថៃវិញចំពោះអ្នកដែលមានជាប់ជំពាក់បំណុលធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅតាមលទ្ធភាព ឬក្នុងមួយរយៈពេលកំណត់ណាមួយដែលអាចធ្វើទៅបាន។
បើតាមរបាយការណ៍របស់លោក ភី ឡងឌី ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:ខេត្តប៉ៃលិនបានឱ្យដឹងថា គិតមកដល់ត្រឹមដើមខែកញ្ញា ឆ្នាំ២០២៥នេះ នៅខេត្តប៉ៃលិនមានពលករត្រឡប់មកពីប្រទេសថៃមានចំនួន ១៥០២នាក់ និងជួយរកការងារធ្វើបានចំនួន៧៥៩នាក់ផងដែរ៕






