ជនសង្ស័យជាមេខ្យល់មានគ្នា៣នាក់បានឆបោកប្រមូលប្រាក់ប្រជាពលរដ្ឋប្រមាណ៤០០នាក់ ដើម្បីជាថ្នូរនឹងបានចូលធ្វើការងារត្រូវបាននគរបាលចាប់ឃាត់ខ្លួន

 

(ខេត្តប៉ៃលិន)៖ ក្រោយពេលសង្កេតឃើញមេខ្យល់ចំនួន៣នាក់ដែលបានប្រមូលគៀងគរប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តនានារួមទាំងអ្នករស់នៅក្នុងខេត្តប៉ៃលិន ដោយឱ្យម្នាក់ៗ បង់លុយចាប់ពី១៥ទៅ២០ម៉ឺនរៀលជាថ្នូរនឹងការចូលធ្វើការងារលុះប្រមូលរហូតដល់មានមនុស្សប្រុសស្រីប្រមាណ៤០០នាក់ស្រាប់តែអត់មានការងារធ្វើ ក៏ផ្ទុះការតវ៉ានៅមុខរោងចក្រចិនបង្កការភ្ញាក់ផ្អើលទាំងយប់តែម្តង។

ហេតុការណ៍នេះមានកើតឡើងកាលពីម៉ោង ០៨:៥០នាទីយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ស្ថិតនៅត្រង់ចំណុចមុខរោងចក្រចិនក្រឡុកស៊ីម៉ងត៍ (កាងស៊ិនឡុង ហ្វូត ខេមបូឌា) ស្ថិតនៅក្នុងភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

បើតាមប្រភពព័ត៌មានបានឱ្យដឹងថា មានក្រុមជនសង្ស័យ១ក្រុមបានផ្សព្វផ្សាយប្រាប់ប្រជាពលរដ្ឋរស់នៅក្នុងខេត្តផ្សេងៗជាច្រើន និងប្រជាពលរដ្ឋខេត្តប៉ៃលិន ដោយអះអាងថា មានការងារឱ្យធ្វើនៅទីតាំងកន្លែងរោងចក្រចិនក្រឡុកស៊ីម៉ង់ត៍ក្នុងភូមិខាងលើដោយពួកគេសន្យាថា នឹងរកការងារឱ្យធ្វើស្របពេលដែលម្នាក់ៗ ត្រូវការការងារធ្វើហើយត្រូវគេទារឱ្យបង់ប្រាក់មុនក្នុងម្នាក់ ប្រមាណចាប់ពីចន្លោះ ១៥០,០០០ រៀលទៅដល់ ២០០,០០០ រៀល ដើម្បីជាថ្នូរនឹងការរកការងារឱ្យធ្វើ លុះរហូតមកដល់ថ្ងៃទូ៣០ ខែកញ្ញា ឆ្នាំ២០២៥ ពេលប្រជាពលរដ្ឋប្រមាណ២០០នាក់ ធ្វើដំណើរមកទីតាំងក្រឡុកស៊ីម៉ង់តិ៍ស្រាប់តែក្រុមជនសង្ស័យប្រាប់ថា អត់មានការងារឱ្យធ្វើបាននោះទេក៏ផ្ទុះការតវ៉ាទាំងយប់បង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង។

ប្រភពបន្តទៀតថា ជនសង្ស័យទី១. ឈ្មោះ ពៅ មិនា ភេទស្រី អាយុ២៥ឆ្នាំ មុខរបរកម្មករ។ ទី២. ឈ្មោះ រស់ សុភាព ភេទស្រី អាយុ៥៧ឆ្នាំ មុខរបរកម្មករទាំង២នាក់រស់នៅក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន(ជាអ្នកយកលុយបន្តទៅឱ្យឈ្មោះ សើន ស្រីមុំ)។ ចំណែកជនសង្ស័យទី៣. ឈ្មោះ សើន ស្រីមុំ ភេទស្រី អាយុ៤៤ឆ្នាំ មុខរបរកម្មករ ទីលំនៅបច្ចុប្បន្នភូមិអូរតាប្រាង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន (ជាអ្នកយកលុយ)។ ហើយបើតាមរបាយការណ៍នគរបាលបានឱ្យដឹងថា ប្រជាពលរដ្ឋដែលចាញ់បោកមេខ្យល់ប្រមាណចំនួនប្រហែល៤០០នាក់។

ពាក់ព័ន្ធនឹងបញ្ហានេះ បច្ចុប្បន្នជនសង្ស័យចំនួន០៣នាក់ ត្រូវបាននគរបាលចាប់ឃាត់ខ្លួនដើម្បីយកទៅធ្វើការសាកសួរនៅស្នងការនគរបាលខេត្តប៉ៃលិន៕

 

Leave a Reply

Your email address will not be published. Required fields are marked *