(ខេត្តប៉ៃលិន)៖ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនអមដំណើរដោយក្រុមការងារបានអញ្ជើញពិនិត្យមើលការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសោភណ្ឌភាពក្នុងទីរួមខេត្តដើម្បីបម្រើដល់ប្រយោជន៍សាធារណៈ និងលើកកម្ពស់វិស័យទេសចរណ៍ដែលជាកត្តាមួយយ៉ាងសំខាន់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ។
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍លើកឡើងថា ក្រោមគោលនយោបាយឈ្នះឈ្នះ និងក្រោមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានធ្វើឱ្យប្រទេសជាតិទទួលបាននូវសុខសន្តិភាពពេញលើផ្ទៃប្រទេស មានស្ថេរភាពនយោបាយជាពិសេសបានធ្វើឱ្យខេត្តប៉ៃលិនដែលជាខេត្តជាយដែន និងធ្លាប់ជាសមរភូមិយ៉ាងក្តៅគគុកមានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យហើយជីវភាពរបស់ប្រជាពលរដ្ឋកាន់តែធូរធារឡើងពីមួយថ្ងៃទៅមួយថ្ងៃគួរជាទីមោទនៈ។
លោកជំទាវបណ្ឌិតអភិបាលខេត្តបានមានប្រសាសន៍បញ្ជាក់ថា បច្ចុប្បន្ននេះ អាជ្ញាធរខេត្តប៉ៃលិនបានកំពុងខិតខំរៀបចំសណ្តាប់ធ្នាប់ និងកែលម្អសោភណ្ឌភាពនៅក្នុងខេត្តយ៉ាងសស្រាក់សស្រាំដូចជា ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការកែលម្អសួនច្បារសាធារណៈ ការដាក់ភ្លើងបំភ្លឺ និងភ្លើងលម្អនាពេលរាត្រី ការសម្អាតអនាម័យបរិស្ថាន នៅតាមទីសាធារណៈ និងតាមតំបន់រមណីយ៍ដ្ឋានទេសចរណ៍នានាដើម្បីឱ្យខេត្តប៉ៃលិនប្រែក្លាយជាខេត្តមួយមានការរីកចម្រើន និងមានទេសភាពស្រស់បំព្រង បរិស្ថានល្អព្រមទាំងប្រែក្លាយជាខេត្តគោលដៅទេសចរណ៍សម្រាប់ថ្ងៃអនាគតផងដែរ។
នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍សំណូមពរដល់ប្រជាពលរដ្ឋត្រូវរួមគ្នាសម្អាតអនាម័យបរិស្ថាន និងជួយថែរក្សាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋជាពិសេសមេត្តាយោគយល់ និងអធ្យាស្រ័យចំពោះផលប៉ះពាល់ព្រមទាំងចូលរួមសហការជាមួយក្រុមការងារបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន ធ្វើការកែលម្អហេដ្ឋារចនាសម័ន្ធ និងសោភណ្ឌភាពខេត្តរបស់យើងដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត។
សូមបញ្ជាក់ថា ខេត្តប៉ៃលិនជាខេត្តមួយដែលមានសក្តានុពលខាងវិស័យទេសចរណ៍បែបអេកូធម្មជាតិដ៏ល្បីល្បាញ និងមានរមណីយ៍ទេសចរណ៍ជាច្រើនកន្លែងដែលមានភ្ញៀវជាតិ និងអន្តរជាតិមកលេងកំសាន្តជារៀងរាល់ថ្ងៃព្រមទាំងផ្នែកសេវាកម្មទេសចរណ៍ដូចជា សណ្ឋាគារ និងរីសត ផ្ទះសំណាក់ និងភោជនីយដ្ឋានដើម្បីផ្ដល់សេវាជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកលេងកម្សាន្តក្នុងខេត្តប៉ៃលិន៕










