អភិបាលខេត្តប៉ៃលិនចុះសួរសុខទុក្ខកងរាជអាវុធហត្ថខេត្ត

 

(ខេត្តប៉ៃលិន)៖ នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន អមដំណើរដោយថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងក្រុមការងារបានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយទៅឧបត្ថម្ភ ដល់នាយទាហាន និងពលទាហាននៃកងរាជអាវុធហត្ថនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍នាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហានដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃក្នុងបេសកកម្មការពារបូរណភាពទឹកដីក្នុងភូមិសាស្ត្រខេត្តប៉ៃលិនហើយបើទោះបីជាសម្តេចមិនបានមកជួបបងប្អូនដោយផ្ទាល់ក្តី ក៏សម្តេចតែងតែនឹករលឹកដល់កងកម្លាំងរបស់យើងជានិច្ច។

លោកជំទាវបណ្ឌិតអភិបាលខេត្តបានមានប្រសាសន៍លើកឡើងថា បច្ចុប្បន្ននេះសភាពការណ៍កម្ពុជា-ថៃ មានស្ថានភាពឡើងកម្តៅខ្លាំងនៅតាមបន្ទាត់ព្រំដែនដូច្នេះកងកម្លាំងប្រដាប់អាវុធរបស់យើងទាំងអស់ ត្រូវរងចាំស្តាប់នូវបទបញ្ជា និងគោលការណ៍ពីមេបញ្ជាការពីប្រមុខរាជរដ្ឋាភិបាលព្រមទាំងប្តេជ្ញាតាំងចិត្តយ៉ាងម៉ឺងម៉ាត់ និងត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធគ្រប់ពេលវេលាបើមានករណីឈ្លានពានណាមួយលើបូរណភាពទឹកដីប្រទេសកម្ពុជាយើង។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៏បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលទាំងឡាយដែលនាយទាហាន និងពលទាហានគ្រប់បណ្ដាអង្គភាពទាំងអស់សម្រេចបានក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងប្រជាជនពិសេសចំពោះវីរភាពយ៉ាងអង់អាចក្លាហាន ស្មោះត្រង់ លះបង់សាច់ស្រស់ឈាមស្រស់ និងការខិតខំប្រឹងប្រែងកសាង និងអភិវឌ្ឍគ្រប់ហេដ្ឋារចនាសម្ព័ន្ធ ធនធានសេដ្ឋកិច្ចជូនកងទ័ព និងគ្រួសារកងទ័ពឱ្យរស់រានមានជីវិតល្អប្រសើរ ស្របតាមគោលរបបរបស់រាជរដ្ឋាភិបាល និងការកសាងនូវប្រព័ន្ធយុទ្ធសាស្រ្តការពារជាតិនានាជាច្រើនទៀតដើម្បីបម្រើឱ្យក្នុងបុព្វហេតុការពារអធិបតេយ្យ បូរណភាពទឹកដី ទុកជាកេរ្តិ៍ប្រវត្តិសាស្រ្តជូនបងប្អូនកូនក្មួយជំនាន់ក្រោយ៕

 

 

Leave a Reply

Your email address will not be published. Required fields are marked *