ក្រសួងមហាផ្ទៃប្រជុំក្រុមការងារអចិន្ត្រៃយ៍ទី៣ ដើម្បីត្រៀមសម្រាប់ប្រជាពលរដ្ឋភៀសសឹកនៅខេត្តប៉ៃលិន

(ខេត្តប៉ៃលិន)៖ នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ងួន រតនៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំក្រុមការងារអចិន្ត្រៃយ៍ទី៣ ដើម្បីសម្របសម្រួលការរៀបចំទីតាំងសុវត្ថិភាព ជម្រកស្នាក់នៅបណ្តោះអាសន្ន ការដឹកជញ្ជូន ការដោះស្រាយសេវាសាធារណៈ សុខាភិបាល និងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋភៀសសឹក នៅខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំកងកម្លាំងទាំងបីប្រភេទ មន្ទីរអង្គភាពជុំវិញខេត្តព្រមទាំងអាជ្ញាធរក្រុង/ស្រុក ឃុំ/សង្កាត់ផងដែរ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបានធ្វើរបាយការណ៍ថា ខេត្តប៉ៃលិនទទួលខុសត្រូវចាប់ពីខ្សែ(Y០១-៣៨) ប្រវែង ៣៨គីឡូម៉ែត្រ និងតាមបន្ទាត់ព្រំដែនប្រវែង ៥៥,២គីឡូម៉ែត្រ មានព្រំប្រទល់ខាងជើងទល់ស្រុកកំរៀង ខេត្តបាត់ដំបង ខាងត្បូងទល់ស្រុកសំឡូត ខេត្តបាត់ដំបង ខាងកើតទល់ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង និងខាងលិចទល់ខេត្តចន្ទបុរីនៃព្រះរាជាណាចក្រថៃឡង់ ដោយមានឃុំចំនួន១ សង្កាត់ចំនួន១ និងភូមិចំនួន ៨ ដែលនៅជាប់ព្រំដែនជាមួយថៃ ហើយមានប្រជាពលរដ្ឋចំនួន ៣,២៩៦ គ្រួសារស្មើមនុស្សរាយចំនួន ១៤,៨៥៨នាក់។

លោកជំទាវបណ្ឌិតអភិបាលខេត្តបានមានប្រសាសន៍បញ្ជាក់ថា ក្រោយពីមានព្រឹត្តិការណ៍ជម្លោះជាមួយភាគីថៃ រដ្ឋបាលខេត្តបានរៀបចំផែនការរួមសម្រាប់ត្រៀមបង្ការជាយថាហេតុនៅក្នុងភូមិសាស្ត្រខេត្តគ្រប់គ្រង និងបានដាក់ចេញនូវសេចក្តីសម្រេចលេខ ០៣៥/២៥សសរ ចុះថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ ស្តីពីការបង្កើតគណៈកម្មការចំពោះកិច្ចអនុវត្តផែនការរួមសម្រាប់ត្រៀមបង្ការជាយថាហេតុក្នុងភូមិសាស្ត្រខេត្តប៉ៃលិន និងមានអនុគណៈកម្មការចំនួន៦ ជាជំនួយការគឺ អនុគណៈកម្មការតាមដានសភាពការណ៍សន្តិសុខ និងទីជម្រកសុវត្ថិភាព អនុគណៈកម្មការប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិ អនុគណៈកម្មការជម្លៀសប្រជាពលរដ្ឋ អនុគណៈកម្មការប្រចាំការនៅអនុវិទ្យាល័យប៉ាងរលឹម អនុគណៈកម្មការប្រចាំការនៅអតីតវិទ្យាល័យសាលាក្រៅចាស់ និងអនុគណៈកម្មការផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ និងឱសថជូនប្រជាពលរដ្ឋក្នុងនោះរដ្ឋបាលខេត្តបានត្រៀមទីជម្រកសុវត្ថិភាពចំនួន ២ទីតាំងគឺនៅអនុវិទ្យាល័យប៉ាងរលឹម និងនៅអតីតវិទ្យាល័យសាលាក្រៅចាស់ និងបានត្រៀមមធ្យោបាយរួចជាស្រេចសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋក្នុងគ្រាប្រកាសអាសន្ន។

ឯកឧត្តម ងួន រតនៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍លើកឡើងថា ក្រោយ​​ពីភាគីថៃធ្វើការបាញ់ប្រហារមកលើទាហានកម្ពុជាម្នាក់បណ្តាលឱ្យបាត់បងជីវិត កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចមុំបី កន្លងទៅបានបង្កឱ្យមានជម្លោះនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងបន្តរីករាលដាលពីខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កោះកុង និងខេត្តប៉ៃលិនហើយបញ្ហានេះនៅតែជាបញ្ហាក្តៅនៅឡើយក្នុងនោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់បានយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋ ពលករ កងកម្លាំងប្រដាប់អាវុធនៅជួរមុខ ជនភៀសសឹក និងបានណែនាំឱ្យអាជ្ញាធរខេត្តនៅជាប់ព្រំដែនទាំងអស់មើលលើការងារទាំងអស់នេះផងដែរ។

ឯកឧត្តមរដ្ឋលេខាធិការបានមានប្រសាសន៍ឱ្យដឹងថា កិច្ចប្រជុំនេះត្រូវបានចាត់ទុកថា ជាព្រឹត្តិការណ៍មួយដ៏សំខាន់ ដែលគ្រប់តួអង្គពាក់ព័ន្ធទាំងអស់បានមកជួបជុំគ្នា ដើម្បីជួយសម្របសម្រួលការរៀបចំទីតាំងសុវត្ថិភាពជម្រក ស្នាក់នៅបណ្តោះអាសន្ន ការដឹកជញ្ជូន និងការដោះស្រាយសេវាសាធារណៈជូនជនភៀសសឹកក្នុងន័យនេះដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ និងដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

សូមបញ្ជាក់ថា ក្រុមការងារអចិន្ត្រៃយ៍ទី៣ ដើម្បីសម្របសម្រួលការរៀបចំទីតាំងសុវត្ថិភាព ជម្រកស្នាក់នៅបណ្តោះអាសន្ន ការដឹកជញ្ជូន ការដោះស្រាយសេវាសាធារណៈ សុខាភិបាល និងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋភៀសសឹក មានភារកិច្ចសហការជាមួយរដ្ឋបាលខេត្តជាប់ជាមួយប្រទេសជិតខាងដោយម្ចាស់ការកសាងផែនការត្រៀមទុកជាមុន តាម ៣ដំណាក់កាលគឺដំណាក់កាលទី១ ការត្រៀមលក្ខណៈទុកជាមុន (មុនពេលមានព្រឹត្តិការណ៍) ដំណាក់កាលទី២ ការឆ្លើយតបបន្ទាន់ (ពេលព្រឹត្តិការណ៍) និងដំណាក់កាលទី៣ ដំណោះស្រាយ(ក្រោយព្រឹត្តិការណ៍)៕

 

Leave a Reply

Your email address will not be published. Required fields are marked *