(ខេត្តប៉ៃលិន)៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុយិភូមិ ឆ្នាំសិក្សា២០២៤-២០២៥ ដែលទទួលបាននិទ្ទេស A។
លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិនបានធ្វើរបាយការណ៍ថា សម្រាប់ការប្រឡងសញ្ញា បត្រមធ្យមសិក្សាទុតិយភូមិនៅខេត្តប៉ៃលិនក្នុងឆ្នាំ២០២៥នេះ គឺមានបេក្ខជនប្រឡងសរុបចំនួន ៦០៣នាក់ ស្រី ៣៨២នាក់ ក្នុងនោះ ស្វៃរិនចំនួន ៧៣នាក់ ស្រី ៤០នាក់ហើយក្រោយពីការផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលទូទាំងខេត្តប្រកបដោយការយកចិត្តទុកដាក់ជាលទ្ធផលទទួលបានបេក្ខជនប្រឡងជាប់សរុបចំនួន ៥២១នាក់ ស្រី ៣៣៧នាក់ ស្មើនឹង៨៧,៤២% ស្រី៨៨,៦៨% ក្នុងនោះ និទ្ទេស A ០៣ នាក់ ស្រី ០១នាក់ ស្មើនឹង ០,៥០% ស្រី ០,២៦%, និទ្ទេស B ១៧ នាក់ ស្រី ១១នាក់ ស្មើនឹង ២,៨៥% ស្រី ២,៨៩%, និទ្ទេស C = ១១៥នាក់ ស្រី៨៣នាក់ ស្មើនឹង ១៩,៣០% ស្រី ២១,៨០%, និទ្ទេស D = ២២៨ នាក់ ស្រី ១៦០នាក់ស្មើនឹង ៣៨,៣០% ស្រី ៤២,១០% និងនិទ្ទេស E ១៥៨ នាក់ ស្រី ៨២នាក់ស្មើនឹង២៦,៥០% ស្រី ២១,៦០%។
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលអាណត្តិទី៦ បន្តរហូតដល់អាណត្តិទី៧ និងក្រសួងអប់រំ យុវជន និងកីឡាដែលបានខិតខំធ្វើកំណែទម្រងវិស័យអប់រំនៅកម្ពុជាជាបន្តបន្ទាប់ និងបានរួមចំណែកអភិវឌ្ឍធនធានមនុស្សកម្ពុជា ប្រកបដោយសមត្ថភាពប្រកួតប្រជែងនៅក្នុងតំបន់ និងលើសកលលោកជាពិសេសយុវជនដែលជាទំពាំងស្នងឫស្សីដើម្បីចូលរួមកសាង អភិវឌ្ឍន៍ ប្រទេសជាតិយើងឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
លោកជំទាវបណ្ឌិតអភិបាលខេត្តបានមានប្រសាសន៍បញ្ជាក់ថា លទ្ធផលសម្រេចបានសម្រាប់វិស័យអប់រំក្នុងខេត្តប៉ៃលិនគឺស្តែងចេញពីឯកឧត្តម លោកជំទាវលោក លោកស្រី អង្គភាព ពាក់ព័ន្ធអាជ្ញាធរគ្រប់លំដាប់ថ្នាក់ លោកគ្រូ-អ្នកគ្រូ មាតាបិតា ឬអ្នកអាណាព្យាបាលសិស្សានុសិស្សដែលបានសហការជួយបង្កលក្ខណៈឱ្យកូនចៅមករៀនបានទៀងទាត់ និងធ្វើការតាមដានការសិក្សារបស់ពួកគជាប្រចាំដោយសហការគ្រប់យ៉ាងជាមួយសាលារៀនឈរលើគោលការណ៍ «សាលារៀន ជារបស់សហគមន៍» ដើម្បីបុព្វហេតុនៃការកសាង និងអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយគុណភាពស្របតាមចតុស្ដម្ភទាំងបួនរួមមាន វិជ្ជាសម្បទា បំណិនសម្បទាចរិយាសម្បទា កាយសម្បទា និងមានមនសិការស្នេហាជាតិ និងមនុស្សជាតិចេះរស់នៅជាមួយគ្នាប្រកបដោយសុខដុមរមនាគឺឱ្យកូនចៅយើងក្លាយជាកូនល្អ សិស្សល្អ និងមិត្តល្អក្នុងសង្គមជាតិកម្ពុជាពោពេញដោយសុជីវធម៌ សីលធម៌ថ្លៃថ្នូរ និងមានធនធានមនុស្សពិតប្រាកដសម្រាប់កសាង អភិវឌ្ឍន៍ប្រទេសជាតិ។
នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍កោតសសើរដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត គណៈគ្រប់គ្រងសាលា លោកគ្រូ-អ្នកគ្រូនៃវិទ្យាល័យទាំងពីរក្នុងខេត្តដែលបានខិតខំយកចិត្តទុកដាក់ក្នុងការផ្ទេរចំណេះដឹងដល់សិស្សានុសិស្សរបស់ខ្លួនប្រកបដោយគុណភាព និងសូមផ្តាំផ្ញើដល់ក្មួយៗជាសិស្សទាំងអស់ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិត្រូវយកចិត្តទុកដាក់ខិតខំប្រឹងប្រែងរៀនសូត្របន្តទៀតដើម្បីអនាគតរបស់ខ្លួន និងប្រទេសជាតិជាពិសេសត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន ក្មេងទំនើងបងធំបងតូច និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាហើយចំពោះក្មួយៗ ដែលគ្មានលទ្ធិភាពក្នុងការទៅបន្តការសិស្សានៅសកលវិទ្យាល័យនានា សូមទាក់ទងមកក្រុមការងាររបស់រដ្ឋបាលខេត្តដើម្បីស្វែងរកអាហារូបករណ៍ផ្តល់ជូនសម្រាប់បន្តការសិក្សារៀនសូត្រ។
សូមបញ្ជាក់ផងដែរថា លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានជូនរង្វាន់លើក ទឹកចិត្តដល់សិស្សជាប់និទ្ទេសA ចំនួន ៣នាក់ ដោយក្នុងម្នាក់ៗទទួលបាន កុំព្យូទ័រ១គ្រឿង និងថវិកាចំនួន១លានរៀល៕









