(ខេត្តប៉ៃលិន)៖ រហូតមកដល់ពេលនេះ លោក យឹម ឡាំង អតីតអភិបាលស្រុកសាលាក្រៅបានទទួលមរណភាពហើយកាលពីវេលាម៉ោង ១០:៣០នាទីព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ ក្នុងជន្មាយុ៧៤ឆ្នាំ ដោយរោគាពាធ ហើយនារសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការជុំវិញខេត្តបានអញ្ជើញគោរពវិញ្ញាណក្ខន្ធ និងផ្តល់ភ្លើងបូជាសពនៅគេហដ្ឋានផ្ទាល់នៃសពស្ថិតក្នុងភូមិអូរច្រាកើត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ប្រភពព័ត៌មានបានឱ្យដឹងថា នៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់បានសម្តែង និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ក្តុកក្តួលរំជួលចិត្ត សោកស្តាយអាឡោះអាល័យក្រៃលែងចំពោះការបាត់បង់នូវប្តី បងប្រុស ប្អូនប្រុស និងឪពុកជាទីស្រលាញ់ដែលប្រកបដោយកត្តញ្ញូតាធម៌ និងភក្តីភាពចំពោះក្រុមគ្រួសារ។
ប្រភពបន្តទៀតថា ថ្នាក់ដឹកនាំខេត្តបានចាត់ទុកការបាត់បង់លោក យឹម ឡាំង គឺជាការបាត់បង់នូវបុគ្គលដ៏ឆ្នើមមួយរូប ដែលធ្លាប់បានតស៊ូយ៉ាងស្វិតស្វាញដោយលះបង់កម្លាំងកាយចិត្តដើម្បីបុព្វហេតុជាតិ មាតុភូមិរហូតដល់រូបលោកបានលាចាកលោកយើងនេះគួរឱ្យសោកស្តាយជាទីបំផុត។
ក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត ក្នុងនាមក្រុមប្រឹក្សាខេត្តគណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទបានឧបត្ថម្ភថវិកា និងសម្ភារៈមួយចំនួនដើម្បីឱ្យក្រុមគ្រួសារចាត់ចែងរៀបចំធ្វើពិធីបុណ្យសពតាមប្រពៃណី។

