(ខេត្តប៉ៃលិន)៖ កាលពីយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អមដំណើរដោយក្រុមការងារ មន្ត្រីក្រោមឱវាទបានអញ្ជើញចុះពិនិត្យមើលការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងរៀបចំឱ្យមានសោភណ្ឌភាពនៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនដើម្បីបម្រើដល់ប្រយោជន៍សាធារណៈ និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យចូលមកលេងខេត្តប៉ៃលិនកាន់តែច្រើនកុះករ។
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍លើកឡើងថា ក្រោមគោលនយោបាយឈ្នះឈ្នះ និងក្រោមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសជាតិទទួលបាននូវសុខសន្តិភាពពេញលើផ្ទៃប្រទេស មានស្ថេរភាពនយោបាយជាពិសេសបានធ្វើឱ្យខេត្តប៉ៃលិនដែលជាខេត្តជាយដែន និងធ្លាប់ជាសមរភូមិមុខយ៉ាងក្តៅគគុកមានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យហើយជីវភាពរបស់ប្រជាពលរដ្ឋកាន់តែធូរធារឡើងពីមួយថ្ងៃទៅមួយថ្ងៃគួរជាទីគួរឱ្យចាប់អារម្មណ៍។
លោកជំទាវបណ្ឌិតអភិបាលខេត្តបានមានប្រសាសន៍បញ្ជាក់ថា បច្ចុប្បន្ននេះអាជ្ញាធរខេត្តប៉ៃលិនបាននឹងកំពុងខិតខំរៀបចំសណ្តាប់ធ្នាប់ និងកែលម្អសោភណ្ឌភាពនៅក្នុងខេត្តយ៉ាងសស្រាក់សស្រាំដូចជា ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការកែលម្អសួនច្បារសាធារណៈ ការដាក់ភ្លើងបំភ្លឺ និងភ្លើងលម្អនាពេលរាត្រី ការសម្អាតអនាម័យបរិស្ថាននៅតាមទីសាធារណៈ និងតាមតំបន់រមណីយ៍ដ្ឋានទេសចរណ៍នានាដើម្បីឱ្យខេត្តប៉ៃលិនប្រែក្លាយជាខេត្តមួយមានការរីកចម្រើន និងមានទេសភាពស្រស់បំព្រង បរិស្ថានល្អព្រមទាំងប្រែក្លាយជាខេត្តគោលដៅទេសចរណ៍សម្រាប់ថ្ងៃអនាគតផងដែរ។
នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ ក៏បានមានប្រសាសន៍សំណូមពរដល់ប្រជាពលរដ្ឋត្រូវរួមគ្នាសម្អាតអនាម័យបរិស្ថាន និងជួយថែរក្សាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋជាពិសេសមេត្តាយោគយល់ និងអធ្យាស្រ័យចំពោះផលប៉ះពាល់ព្រមទាំងចូលរួមសហការជាមួយក្រុមការងារបច្ចេកទេស និងអាជ្ញាធរមូលដ្ឋានធ្វើការកែលម្អហេដ្ឋារចនាសម័ន្ធ និងសោភណ្ឌភាពខេត្តរបស់យើងដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ+អន្តរជាតិមកលេងកម្សាន្ត៕








