នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងលោកជំទាវ ម៉ៅ នរនាថ បាននាំយកអំណោយរួមមាន គ្រឿងឧបភោគបរិភោគ ថ្នាំពេទ្យរួមនឹងម៉ូតូដើម្បីផ្តល់ជូនដល់វីរកងទ័ពជួរមុខដើម្បីលើកទឹកចិត្ត និងគាំទ្រដល់កិច្ចការពារបូរណភាពទឹកដី។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងលោកជំទាវព្រមទាំងសហការីផងដែរដែលពិធីនេះធ្វើឡើងនៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៣១ ស្ថិតក្នុងស្រុកជុំគិរី ខេត្តកំពត។
មានមតិសំណេះសំណាលនាឱកាសនោះ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតបានសម្ដែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការលះបង់គ្រប់បែបយ៉ាងរបស់វីរកងទ័ពដែលនៅជួរមុខក្នុងការការពារបូរណភាពទឹកដីមិនឱ្យបាត់បង់ពិសេសការពារប្រជាជនកម្ពុជាដែលតម្លៃនៃការលះបង់នេះគឺកាត់ថ្លៃពុំបានឡើយ។ ឯកឧត្តមឯកអគ្គរាជទូតបានបន្តថា ក្នុងនាមជាប្រជាជនខ្មែរដែលនៅសមរភូមិក្រោយគឺពួកយើងតែងតែរួមសាមគ្គីគ្នាជានិច្ចដើម្បីគាំទ្រដល់វីរកងទ័ពតាមរយៈការបង្កើតជាមូលនិធីផ្សេងៗសម្រាប់រៀបចំជាស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ថ្នាំពេទ្យផ្តល់ជូនវីរកងទ័ពដែលកំពុងឈរជើងយ៉ាងរឹងមាំនៅសមរភូមិមុខដើម្បីជាការដឹងគុណ និងតបគុណចំពោះការលះបង់ដ៏មានតម្លៃបំផុតរបស់បងៗវីរកងទ័ព។
ក្នុងពិធីនេះដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តបានលើកឡើងថា សម្រាប់ខេត្តកំពត ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានដែលជាអ្នកនៅសមរភូមិក្រោយក៏ដូចជាអាជ្ញាធរខេត្តតែងតែផ្តល់ការគាំទ្រជានិច្ចចំពោះវីរកងទ័ពដែលឈរជើងនៅសមរភូមិមុខពិសេសអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្តតែងតែគិតគូរជានិច្ចចំពោះក្រុមគ្រួសាររបស់វីរកងទ័ពយើងដោយមិនទុកឱ្យពួកគាត់ជួបការលំបាកឡើយ។ ឯកឧត្តមអភិបាលខេត្តបានបន្តថា ការលះបង់របស់វីរកងទ័ពដែលនៅសមរភូមិមុខក្នុងការការពារដែលអធិតេយ្យជាតិ និងប្រជាជនគឺជាការលះបង់ដ៏ធំធេងបំផុតដែលរកអ្វីមកប្រៀបផ្ទឹម និងកាត់ថ្លៃបាន ដូច្នេះមានតែការជួយគាំទ្រពីសមរភូមិក្រោយតាមរយៈការផ្តល់ស្បៀងអាហារ និងការថែទាំគ្រួសាររបស់ពួកគាត់ដើម្បីជាការតបស្នងសងគុណចំពោះការលះបង់នេះ។
អំណោយដែលបានផ្ដល់ជូនក្នុងឱកាសនោះរួមមាន អង្ករ ៤តោន, មី ១០០កេស, ទឹកសុទ្ធ ១០០កេស, ទឹកត្រី ១០០យួរ និងទឹកស៊ីអ៊ីវ ១០០យួរ មធ្យោបាយធ្វើដំណើរមានម៉ូតូចំនួន ៥គ្រឿង។ គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ចំនួន ៤៧កេស មាន ២០១០ឃីត ដោយក្នុង ១ឃីតរួមមាន៖ អំបុកលីងសាច់ជ្រូកផាត់, បារី, ថ្នាំពេទ្យ, ស្ករគ្រាប់, ត្រសក់ចាវ, ឆៃប៉ូវផ្អែម, ត្រីងៀត ១០០គីឡូក្រាម និងក្រែមលាបបំបាត់រមាស់ផងដែរ៕









