ប្រជាពលរដ្ឋខេត្តកំពង់ចាមយ៉ាងច្រើនកុះករចេញដើរលេងកំសាន្ត អបអរសាទរ “ពន្លឺនៃសន្តិភាព” 

 

(កំពង់ចាម)៖ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នេះគឺជាថ្ងៃប្រវត្តិសាស្ត្រនៃប្រទេសទាំងពីរ កម្ពុជា-ថៃដែលបានឯកភាពគ្នាឈានទៅរកបទឈប់បាញ់ជាស្ថាពរ គិតត្រឹមម៉ោង ១២ថ្ងៃត្រង់នេះដែលធ្វើឱ្យស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃមានភាពស្ងប់ស្ងាត់ជាធម្មតាវិញ។

ជាមួយអំណរសាទរនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងវីរកងទ័ពយើងដែលបានឃើញពន្លឺនៃសន្តិភាពឡើងវិញ យើងឃើញថា មានបងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈបានប្រែទឹកមុខពីស្រពាប់ស្រពោនមកជារីករាយ សើចសប្បាយជាមួយក្រុមគ្រួសារ មិត្តភក្តិ បងប្អូន និងមានដំណើរកំសាន្តប្រកបដោយសុខសុវត្ថិភាព និងសុភមង្គល។

ជាក់ស្តែងនៅរសៀលថ្ងៃសៅរ៍ទី២៧ ខែធ្នូនេះ នៅក្នុងក្រុងកំពង់ចាមក៏ឃើញមានមនុស្សមកម្នាមកលេងកំសាន្តយ៉ាងច្រើនកុះករហើយបងប្អូនប្រជាពលរដ្ឋបានសម្តែងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមខណៈឯកឧត្តមដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារ កែលម្អសួនច្បារ ការបំពាក់ប្រព័ន្ធបាញ់ទឹក និងអំពូលភ្លើងបំភ្លឺពេលរាត្រី។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានឆ្លៀតជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ប្រកបដោយភាពស្និទ្ធស្នាល និងកក់ក្តៅ។

នាឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានលើកឡើងថា ការឈានទៅបញ្ចប់សង្គ្រាមដោយសន្តិវិធីនៅថ្ងៃនេះគឺក្រោមគំនិតផ្តួចផ្តេីមដ៏ខ្ពង់ខ្ពស់ និងវិធីសាស្រ្តដ៏ស័ក្តិសិទ្ធិរបស់សម្តេចតេជោ-ធិបតី​ប្រមុខដឹកនាំនៃកម្ពុជា​យេីង​ ដែលនាំមកនូវសន្តិភាព​ និងការអភិវឌ្ឍយូរអង្វែង។

ឯកឧត្តមអភិបាលខេត្តសូមគោរពដឹងគុណ និងថ្លែងអំណរអរគុណ​សម្តេច​ប្រមុខដឹកនាំដ៏ឆ្នេីមរបស់កម្ពុជា​ព្រមទាំងថ្នាក់ដឹកនាំក្រសួង​ ស្ថាប័ន​ វីរកងទ័ព​ វីរកងនគរបាលជាតិ​ និងពុកម៉ែបងប្អូន​សប្បុរសជនទាំងអស់​ដែលបានលះបង់នូវកម្លាំងកាយចិត្ត​ ធនធាន​ ពេលវេលា​គ្រប់យ៉ាងដែលនាំមកនូវកម្លាំងមហាសាមគ្គីជាតិ​នាំឱ្យខ្មែរយេីងឆ្លងផុតនូវការលំបាកមួយនេះ៕

 

Leave a Reply

Your email address will not be published. Required fields are marked *