នៅក្នុងឱកាសអញ្ជើញជាតំណាង ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តអញ្ជើញសំណេះសំណាល និងចែកអំណោយជាសម្ភារៈសិក្សា ដល់ក្មួយៗសិស្សានុសិស្ស ៤៨នាក់ដែលបានរៀបចំនៅបរវេណវិទ្យាល័យបាធាយ ស្រុកបាធាយ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នេះ លោក គន់ សុភា អភិបាលរងខេត្តកំពង់ចាមបានថ្លែងការសរសើរដល់ក្មួយៗសិស្សានុសិស្សភៀសសឹកទាំងអស់បើទោះបីជាក្មួយៗមានការលំបាកដោយសារសង្គ្រាមយ៉ាងណាក៏ដោយក៏ក្មួយៗ នៅតែជំនះតស៊ូមិនបោះបង់ការសិក្សារៀនសូត្រឡើយ។
លោក គន់ សុភា បានបញ្ជាក់ថា មកដល់ពេលនេះនៅទូទាំងខេត្តកំពង់ចាមមានពលរដ្ឋរស់នៅតាមខ្សែបន្ទាត់ព្រុំដែនបានភៀសសឹកមកស្នាក់នៅបណ្ដោះអាសន្នក្នុងខេត្តកំពង់ចាមប្រមាណជាង ៥ពាន់គ្រួសារក្នុងនោះក៏មានសិស្សានុសិស្សប្រមាណជាង ២០០០នាក់បានមកសិក្សានៅតាមសាលានានាក្នុងខេត្តផងដែរ។ ជាមួយនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានជួយដោះស្រាយដើម្បី ក្មួយៗបន្តសិក្សារៀនសូត្រក៏បានណែនាំដល់អាជ្ញាធរ និងស្ថាប័នជំនាញធ្វើយ៉ាងណាជួយសម្របសម្រួលដើម្បី កូនចៅរបស់ពលរដ្ឋភៀសសឹកបានការបន្តសិក្សារៀនសូត្រជាបណ្ដោះអាសន្ននៅតាមសាលារៀនដែលនៅក្បែរទីតាំងសុវត្ថិភាពដែលពួកគេកំពុងស្នាក់នៅសិន។
យកឱកាសនោះដែរ លោក គន់ សុភា បានលើកទឹកចិត្តដល់ក្មួយៗទាំងអស់ឱ្យខិតខំក្រេបយកចំណេះដឹងក្នុងការសិក្សារៀនសូត្រពីព្រោះថា ចំណេះវិជ្ជាជាទ្រព្យជាប់ខ្លួនពុំមានអ្នកណាម្នាក់អាចលួចពីខ្លួនក្មួយៗបានទេ។ ដូច្នេះ ក្មួយៗត្រូវតស៊ូប្រឹងប្រែងរៀនសូត្រឱ្យក្លាយខ្លួនជាទំពាំងស្នងឬស្សីនាពេលអនាគត។ មួយវិញទៀត ក្មួយៗត្រូវចៀសចាកឆ្ងាយពីគ្រឿងញៀនចេះស្ដាប់បង្គាប់លោកគ្រូ អ្នកគ្រូ និងចូលរួមចំណែកថែទាំសុខភាពដោយអនុវត្តតាមទិសស្លោកអនាម័យទាំង ៣យ៉ាងដើម្បីជៀសផុតពីជំងឺផ្សេងៗ។
ក្នុងឱកាសនោះដែរ លោកអភិបាលរងខេត្តក៏បាននាំយកម្ភារៈសិក្សា និងថវិកាមួយចំនួនដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ពេជ្រ ចន្ទមុន្នី ចែកជូនក្មួយៗសិស្សានុសិស្សទាំង ៤៨នាក់ផងដែរ។
សូមជម្រាបថា ចាប់តាំងពីប្រទេសកម្ពុជាមានសង្គ្រាម ចាប់ពីខែតុលាដល់បច្ចុប្បន្ននៅក្នុងទូទាំងស្រុកបាធាយ មានសិស្សានុសិស្សបានភៀសសឹកមកស្នាក់នៅ និងទទួលបានការសិក្សានៅតាមសាលាសរុបចំនួន ១០៨នាក់ ស្រី ៥៦នាក់ ក្នុងនោះសិស្សបឋម និងមត្តេយ្យសិក្សាមានចំនួន ៧២នាក់ និងសិស្សមធ្យមសិក្សាមានចំនួន ៣៦នាក់៕







