ប្រជាពលរដ្ឋយ៉ាងច្រើនកុះកររង់ចាំទទួលវីរៈកងទ័ពទាំង១៨រូបដែលត្រូវបានដោះលែងឱ្យត្រឡប់មកប្រទេសកម្ពុជាវិញដោយស្រ្តីជាច្រើននាំគ្នាស្រែកទ្រហោយំព្រោះរំភើបពេកខណៈអ្នកខ្លះលុតជង្គង់ដឹងគុណវីរៈកងទ័ព

(ខេត្តប៉ៃលិន)៖ រហូតមកដល់វេលាម៉ោង ១០:០០នាទីព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ គ្រាន់តែក្រឡេកឃើញវីរៈកងទ័ពកម្ពុជាទាំង១៨រូបដែលស្ថិតក្រោមការឃុំគ្រងរបស់ភាគីថៃអស់រយៈពេល១៥៥ថ្ងៃត្រូវបានដោះលែង និងបញ្ជូនមកដល់ខ្លោងទ្វារព្រំដែន ខេត្តប៉ៃលិនភ្លាម ស្រាប់តែអ្នកខ្លះស្រែកទ្រហ៊ោយំដោយត្រេកអរ រំភើបខ្លាំងពេករកអ្វីមកប្រៀបផ្ទឹមពុំបានរីឯអ្នកខ្លះទៀតបានលុតជង្គង់ទទួលស្វាគមន៍ដោយដឹងគុណអស់ពីដួងចិត្តដល់វីរៈកងទ័ពទាំងអស់គ្នា។ លើសពីនេះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តប៉ៃលិនក៏បានដឹកនាំក្រុមការងារចូលទៅឈររង់ចាំទទួលពួកគាត់ទាំងអស់នោះយ៉ាងកក់ក្តៅផងដែរ។

បើតាមប្រភពព័ត៌មានពីស្រ្តីម្នាក់ គឹម លី អាយុ៥៥ឆ្នាំ រស់នៅក្នុងក្រុងប៉ៃលិនបានរៀបរាប់ទាំងទឹកភ្នែកហូរសស្រាក់នៅលើផែនផ្ទាល់ឱ្យភ្នាក់ងារយើងដឹងថា តំណាងឱ្យប្រជាពលរដ្ឋនៅទូទាំងខេត្តប៉ៃលិនក៏ដូចជាទូទាំងប្រទេសកម្ពុជា គាត់ពិតជាសូមចូលរួមអបអរសាទរ និងត្រេកអរយ៉ាងខ្លាំងពន់ពេករកអ្វីមកប្រៀបផ្ទឹមពុំបាននោះឡើយខណៈដែលក្រុមគ្រួសារសាច់ញាតិបងប្អូនរបស់វីរៈកងទ័ពទាំងនោះក៏ដេកមិនលក់បក់មិនល្ហើយ ដោយម្នាក់ៗ ទន្ទឹងរង់ចាំមើលផ្លូវពួកគាត់ដោយសង្ឃឹមថាយោធាថៃដោះលែងឱ្យត្រឡប់មកប្រទេសកម្ពុជាវិញ។

ប្រភពបន្តទៀតថា កាលពីម្សិលម៉ិញគាត់ និងប្រជាពលរដ្ឋដទៃទៀតក៏នាំគ្នាទៅឈររង់ចាំនៅច្រកទ្វារព្រំដែនម្តងរួចហើយតាំងពីព្រលឹមរហូតដល់ពេលល្ងាចតែមិនឃើញគេបញ្ជូនពួកគាត់ឆ្លងដែនមកខ្មែរឡើយដែលធ្វើរូបគាត់ និងក្រុមគ្រួសារមន្រ្តីយោធាទាំងអស់នាំគ្នាគិតកាន់តែខ្លាំងឡើងៗ ស្ទើរតែទទួលទានអាហារមិនបាននោះឡើយ ព្រោះបារម្ភពីសុវត្ថិភាពមន្រ្តីយោធាទាំងអស់នោះតែនៅពេលនេះ ពួកគាត់ពិតជារំភើបខ្លាំងណាស់ព្រោះម្នាក់ៗ បានដុតធូបបែរបន់ដល់លោកយាយយ៉ាតឱ្យតាមថែរក្សាកងទ័ពទាំងអស់ កុំឱ្យមានបញ្ហាអ្វីកើតឡើងដល់ពួកគាត់នោះឡើយ។

ប្រភពព័ត៌មានបានបញ្ជាក់ទៀតថា ក្រោយពេលវីរៈកងទ័ពត្រូវបានបញ្ជូនឆ្លងដែនចូលមកដល់ទឹកដីខេត្តប៉ៃលិន លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនក៏បានរៀបចំឱ្យក្រុមការងារដឹកវីរៈកងទ័ពទាំង១៨នាក់ទៅកាន់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនដើម្បីពិនិត្យសុខភាពលុះក្រោយពេលសម្រាកមួយរយៈពេលខ្លីក៏បានជូនដំណើរពួកគាត់ទាំងអស់ឡើងរថយន្តបន្តទៅទៀតដោយលោកជំទាវបានជូនពរដល់ពួកគាត់ឱ្យទទួលបាននូវសុវត្ថិភាព សុខភាពល្អ កម្លាំងមាំមួនដើម្បីបន្តទៅជួបជុំក្រុមគ្រួសារ ដែលកំពុងទទឹងរង់ចាំផ្លូវអស់រយៈពេលជាច្រើនថ្ងៃខែ៕

 

Leave a Reply

Your email address will not be published. Required fields are marked *