សម្តេចពិជ័យសេនា ទៀ បាញ់ និងឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា អញ្ជើញសួរសុខទុក្ខវីរយុទ្ធជនការពារបូរណភាពទឹកដីដ៏អង់អាចក្លាហានដែលរងរបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា រាជធានីភ្នំពេញ 

សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំងលោកជំទាវ នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញសួរសុខទុក្ខវីរយុទ្ធជនការពារបូរណភាពទឹកដីដ៏អង់អាចក្លាហានដែលរងរបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា រាជធានីភ្នំពេញ។

សម្តេចពិជ័យសេនា ទៀ បាញ់ និងឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បាននាំប្រសាសន៍ផ្តាំផ្ញេីសួរសុខទុក្ខ និងជូនពរដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត សូមឱ្យវីរកងទ័ពឆាប់ជាសះស្បេីយ និងមានកម្លាំងមាំមួនឡេីងវិញ។

នៅក្នុងឱកាសសួរសុខទុក្ខនេះ សម្តេច និងឯកឧត្តម នាយឧត្តមសេនីយ៍បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាជូនដល់វីរៈកងទ័ពវីរៈនគរបាលដែលកំពុងសម្រាកព្យាបាល និងបានកោតសរសើរខ្ពស់នូវវីរៈភាពដ៏អង់អាចក្លាហានឈរជើងការពារជាតិមាតុភូមិ និងការលះបង់ដេីម្បីការពារបូរណភាពទឹកដីពីសំណាក់យោធាថៃ និងបានផ្តល់អំណោយជូនមន្ទីរព្រះកេតុមាលា ដើម្បីបម្រើការក្នុងមន្ទីរពេទ្យជូនដល់យោធិន ក្រុមគ្រួសារយោធិន និងប្រជាជនទូទៅដែលមកសម្រាកព្យាបាលជំងឺ និងរបួស។ រាជរដ្ឋាភិបាលកម្ពុជាបានអំពាវនាវ និងជំរុញឱ្យភាគីថៃគោរពឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដនូវសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ។

តាមរយៈសកម្មភាពដ៏វិសេសវិសាលនេះបានបង្ហាញយ៉ាងច្បាស់អំពីការគិតគូរ យកចិត្តទុកដាក់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជាជូនវីរកងទ័ពក្នុងនោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានសង្កត់ធ្ងន់នូវការប្តេជ្ញាចិត្តរបស់ខ្លួនថា៖ “មិនដែលបោះបង់កងទ័ពរបស់យើងណាម្នាក់ចោលនោះឡើយមិនថាក្នុងកាលៈទេសៈណាក៏ដោយ” និងបានមានប្រសាសន៍ផ្តាំផ្ញើដល់វីរយុទ្ធជនដែលរងរបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា សូមសម្រាកឱ្យបានច្រើន ញុំាឱ្យបានគ្រប់គ្រាន់ ស្តាប់តាមវេជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យឱ្យបានត្រឹមត្រូវ និងសូមជូនពរឱ្យបងប្អូនឆាប់ជាសះពីរបួសដើម្បីឆាប់បានវិលត្រឡប់ទៅលំនៅឋានជួបជុំក្រុមគ្រួសារវិញនៅពេលខាងមុខ៕

 

 

Leave a Reply

Your email address will not be published. Required fields are marked *