(ព្រៃវែង)៖ នៅរសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្ដម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែងបានអញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលនៃគណៈអភិបាលក្រុងព្រៃវែងថ្មីជំនួសលោក ម៉ននី បណ្ឌិត ដែលត្រូវបានផ្លាស់ប្តូរទៅបំពេញការងារកន្លែងថ្មី។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែងមានប្រសាសន៍ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាក្រុងព្រៃវែងជាពិសេស លោក ម៉ននី បណ្ឌិត អតីតអភិបាលក្រុងព្រៃវែង ដែលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី បំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ និងឆន្ទះមនសិការបម្រើឧត្តមប្រយោជន៍ប្រជាជនក្នុងមូលដ្ឋានក្រុងព្រៃវែង ក្នុងរយៈពេល០២អាណត្តិកន្លងមក។ ជាមួយគ្នានេះ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធក្នុងក្រុងព្រៃវែងបានខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្មក្នុងការបំពេញតួនាទីភារកិច្ចដើម្បីសម្រេចបាននូវសមិទ្ធផលសំខាន់ៗ ក្នុងការធានាថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ការរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងដឹកនាំនាវាកម្ពុជាឈានឆ្ពោះទៅរកវិបុលភាព និងការអភិវឌ្ឍ រីកចម្រើនប្រកបដោយ ចីរភាព សមធម៌ និងបរិយាប័ន្ន។
ក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្ដមអភិបាលខេត្ត សូមចូលរួមអបអរសាទរចំពោះលោក ចន វៃ ដែលត្រូវបានប្រកាសឱ្យចូលកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលក្រុងព្រៃវែងជំនួសលោក ម៉ននី បណ្ឌិត ដែលត្រូវបានផ្លាស់ប្តូរទៅបំពេញការងារកន្លែងថ្មី។
ឯកឧត្ដមអភិបាលខេត្តមានប្រសាសន៍បន្តថា ការប្រកាសតែងតាំងអភិបាលនៃគណៈអភិបាលក្រុងព្រៃវែង នាឪកាសនេះ គឺជាការបំពេញរចនាសម្ព័ន្ធដឹកនាំគ្រប់គ្រង និងការទទួលខុសត្រូវដែលជាភារកិច្ចដឹកនាំបន្តដើម្បីឆ្លើយតបនឹងការងារជាសេនាធិការរបស់ក្រសួងមហាផ្ទៃ និង រដ្ឋបាលខេត្ត។
ឯកឧត្ដមអភិបាលខេត្តសូមផ្តាំផ្ញើដល់លោកអភិបាល នៃគណៈអភិបាលក្រុងព្រៃវែងដែលទើបនឹងទទួលមុខតំណែងថ្មីនេះត្រូវយកអស់កម្លាំងកាយចិត្ត ខិតខំប្រឹងប្រែង បំពេញតួនាទី និងភារកិច្ចរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួនតាមរយៈចំណេះដឹង សមត្ថភាព និងបទពិសោធន៍ដើម្បីបន្តចូលរួមក្នុងការងារដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍន៍មូលដ្ឋានក្រុងព្រៃវែងឱ្យកាន់តែរីកចម្រើន និងកសាងសមិទ្ធផលថ្មីៗបន្ថែមទៀតជាពិសេសត្រូវបង្កើន សាមគ្គីភាព ឯកភាពផ្ទៃក្នុង ទំនាក់ទំនង និងកិច្ចសហការល្អដើម្បីបន្តនិរន្តរ៍ភាពដឹកនាំការងាររដ្ឋបាលក្រុងព្រៃវែងបន្តទៀត បន្ថែមពីនេះត្រូវចុះពិនិត្យមើលការងារនៅមូលដ្ឋាននៅតាមបណ្តាសង្កាត់ទាំងអស់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានញឹកញាប់ និងពិនិត្យលើការបម្រើសេវាសាធារណៈនៅតាមមូលដ្ឋាន ធ្វើយ៉ាងណាឱ្យការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រព្រឹត្តទៅបានរលូន ឆាប់រហ័ស ទាន់ពេលវេលា មានតម្លាភាព និងប្រកបដោយប្រសិទ្ធភាព៕









