លោក សាមុត សុធារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាល និងនាំយកថវិការបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតឧបត្ថម្ភជូនពលករ ដែលវិលត្រឡប់មកពីប្រទេសថៃចំនួន ៨៩នាក់ នៅផ្សារសាមគ្គីកោះគ្រួស ភូមិបឹងតាស្រី សង្កាត់បឹងតាព្រហ្ម ក្រុងកំពង់សោម ខេត្តព្រះសីហនុ

នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ លោក សាមុត សុធារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាល និងនាំយកថវិការបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតឧបត្ថម្ភជូនពលករ ដែលវិលត្រឡប់មកពីប្រទេសថៃចំនួន ៨៩នាក់ នៅផ្សារសាមគ្គីកោះគ្រួស ភូមិបឹងតាស្រី សង្កាត់បឹងតាព្រហ្ម ក្រុងកំពង់សោម ខេត្តព្រះសីហនុ។

លោក នួន ប៊ុនថុល អភិបាលក្រុងកំពង់សោមបានធ្វើរបាយការណ៍សង្ខេបស្តីពីពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃចាប់ពីថ្ងៃទី២៤ ខែមិថុនា រហូតដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ រដ្ឋបាលក្រុងទទួលពលករចំណាកស្រុកមកពីប្រទេសថៃមានចំនួន ១១៣នាក់ ស្រី ៤៧នាក់ ក្នុងនោះ ១.សង្កាត់បិតត្រាំងមានចំនួន ២៦នាក់ ស្រី ១១នាក់ ២.សង្កាត់រាម ចំនួន ៤៨នាក់ ស្រី ២២នាក់ ៣.សង្កាត់អូរឧកញ៉ាហេង ១៩នាក់ ស្រី ០៩នាក់ ៤.សង្កាត់បឹងតាព្រហ្មចំនួន ០៦នាក់ ស្រី ០១នាក់ ៥.សង្កាត់អូរជ្រៅចំនួន ១៤នាក់ ស្រី ០៤នាក់។

លោកអភិបាលក្រុងកំពង់សោមបានបញ្ជាក់ថា ក្នុងចំណោមពលករចំណាកស្រុកមកពីប្រទេសថៃទាំង ១១៣នាក់ ពួកគាត់ប្រកបមុខរបរផ្ទាល់ចំនួន ១៦នាក់ ស្រី ០៥នាក់ មានការងារធ្វើចំនួន ៥១នាក់ ស្រី ២០នាក់ មិនទាន់មានការងារ ០៤នាក់ ស្រី ០១នាក់ សុំសម្រាក ០៦នាក់ហើយអ្នកកំពុងស្វែងរកការងារ ១១នាក់ ស្រី ០៦នាក់ និងពលករធ្វើដំណើរទៅកាន់ខេត្តផ្សេងចំនួន ០៥នាក់ ។

លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុបានធ្វើការសំណេះសំណាល និងពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិតជូនចំពោះបងប្អូនពលករដែលបានវិលត្រឡប់មកពីប្រទេសថៃនាពេលនេះជាពិសេសការយកចិត្តទុកដាក់ពីឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានចាត់ឱ្យកម្លាំងយកឡានទៅទទួលបងប្អូនពលករខ្មែរនៅតាមច្រកព្រំដែនកម្ពុជា-ថៃដឹកជញ្ជូនមកកាន់ស្រុកកំណើតវិញទន្ទឹមនោះឯកឧត្តមអភិបាលខេត្តក៏បានធ្វើការណែនាំដល់អាជ្ញាធរក្រុង-ស្រុកក៏ដូចជាមន្ទីរជំនាញពាក់ព័ន្ធនានាជួយសម្របសម្រួលនូវឯកសារពាក់ព័ន្ធនានា ដើម្បីឱ្យបងប្អូនចូលបម្រើការងារនៅតាមរោងចក្រ សហគ្រាសនានាក្នុងខេត្តព្រះសីហនុព្រោះខេត្តព្រះសីហនុនៅមានកន្លែងការងារជាង ៦០០០កន្លែងនៅរង់ចាំទទួលបងប្អូន។

លោកអភិបាលរងខេត្តបានបញ្ជាក់ថា ខេត្តព្រះសីហនុត្រូវបានរាជរដ្ឋាភិបាលរៀបចំផែនការមេជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងដែលមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៥ ទន្ទឹមនោះរាជរដ្ឋាភិបាលបានបង្កើតសាលាបណ្តុះបណ្តាលបច្ចេកទេសដើម្បីឱ្យយុវជនរបស់យើងបានចូលរៀនវគ្គបណ្តុះបណ្តាលឱ្យមានចំណេះ ជំនាញច្បាស់លាស់ដើម្បីបង្កើនធនធានមនុស្សស្របទៅនឹងគោលនយោបាយបញ្ចកោណដំណាក់កាលទី១ នៃរដ្ឋសភា ដោយផ្តោតសំខាន់ទៅលើធនធានមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។

លោកអភិបាលរងខេត្តបានបន្តថា ខេត្តព្រះសីហនុមានការងារជាង ៦ពាន់កន្លែងនៅរង់ចាំទទួលបងប្អូនទន្ទឹមនោះរដ្ឋបាលខេត្តចង់ឱ្យបងប្អូនងាកមករកការងារធ្វើនៅស្រុកដើម្បីបង្កើនសេដ្ឋកិច្ចសង្គមរបស់កម្ពុជាហើយបច្ចុប្បន្នកម្ពុជានៅខ្វះកម្លាំងពលកម្មជាច្រើននៅតាមបណ្តារោងចក្រព្រោះទីផ្សារនៅស្រុកយើងនៅខ្វះកម្លាំងពលកម្មជាច្រើនទន្ទឹមនោះរាជរដ្ឋាភិបាលបានដាក់ចេញនូវរបបសន្តិសុខសង្គម ប្រាក់សោធមននិវត្តន៍ជូនដល់បុគ្គលិក កម្មករដែលបម្រើការងារនៅតាមរោងចក្រ សហគ្រាស និងការងារក្រៅប្រព័ន្ធទទួលបាននូវអត្ថប្រយោជន៍ ៣យ៉ាងមានដូចជា៖

១.អត្ថប្រយោជន៍ផ្នែកសុខភាព

២.អត្ថប្រយោជន៍គ្រោះថ្នាក់ការងារ

៣.ប្រាក់សោធននិវត្តន៍ហើយកម្មករ និយោជិតទាំងអស់ទទួលបានអត្ថប្រយោជន៍ប្រាក់សោធននិវត្តន៍គ្រប់ៗគ្នាដូចមន្ត្រីរាជការដែរ។

ក្នុងឱកាសនោះ លោកអភិបាលរងខេត្តបាននាំយកអំណោយរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុចែកជូនពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃចំនួន ៨៩នាក់ ក្នុងម្នាក់ទទួលបានអង្ករ ២៥គីឡូក្រាម មី ១កេស ទឹកត្រី ១យួរ កន្ទេល១ ឃីតមួយកញ្ចប់ ( ក្រមា១ សារុង១ មុង១ ភួយ១ ) និងថវិកាសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនពលករទាំង ៨៩នាក់ ក្នុងម្នាក់ទទួលបានថវិកា ១០ម៉ឺនរៀល៕

 

Leave a Reply

Your email address will not be published. Required fields are marked *