(កំពង់ចាម)៖ នៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានដឹកនាំក្រុមការងារអញ្ជើញចុះសួរសុខទុក្ខលោកព្រិន្ទបាលឯក ម៉េត ដានី ដែលទើបត្រឡប់ពីមន្ទីរពេទ្យ និងបានមកសម្រាកព្យាបាលនៅផ្ទះឈ្មោះ ញ៉ាំង សារី ត្រូវជាអ៊ំស្ថិតនៅភូមិក្បាលហុងថ្មី ឃុំល្វាលើ ស្រុកចំការលើ។ ក្នុងដំណើរចុះសួរសុខទុក្ខនោះក៏មានវត្តមានអញ្ជើញចូលរួមពីឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងក្រុមការងារមួយចំនួនទៀត។
សូមបញ្ជាក់ថា លោកព្រិន្ទបាលឯក ម៉េត ដានី មានអាយុ៣៤ ឆ្នាំ ជាវីរកងទ័ពបម្រើការនៅអង្គភាពវរសេនាតូចលេខ៤៤៦ ចំណុះឱ្យតំបន់ប្រតិបត្តិការសឹករងព្រះវិហារឈរជើងនៅទិសអានសេះដោយបានទទួលរងរបួសនៅក្នុងបេសកកម្មការពារបូរណភាពទឹកដីពីសំណាក់កងទ័ពឈ្លានពានថៃមកលើអធិបតេយ្យភាពកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានផ្តាំផ្ញើនូវការសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ដែលជានិច្ចកាលសម្តេចលោកតែងតែគិតគូរអំពីសុខទុក្ខ វីរកងទ័ពរបស់យើងដែលបានលះបង់យ៉ាងធំធេងក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងបូរណភាពទឹកដី។
ឯកឧត្តមអភិបាលខេត្តក៏បានស្នើឱ្យលោកព្រិន្ទបាលឯក ម៉េត ដានី ខិតខំថែទាំសុខភាពឱ្យបានល្អ អនុវត្តតាមវេជ្ជបញ្ជាដើម្បីឱ្យឆាប់បានជាសះស្បើយ និងអាលឆាប់បានទៅបម្រើការងារជូនអង្គភាពវិញ។ ទន្ទឹមនឹងនោះ ឯកឧត្តមអភិបាលខេត្តក៏បានឧបត្ថម្ភជាគ្រឿងឧបភោគ-បរិភោគមួយចំនួន និងថវិកាចំនួន ២លានរៀល៕








