លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនរៀបចំកែលម្អបន្ថែមត្រង់ចំណុចជ្រោះសែនសុខដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងកែលម្អសោភណ្ឌភាព

(ខេត្តប៉ៃលិន)៖ រហូតមកដល់ពេលនេះលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនអមដំណើរដោយមន្ត្រីជំនាញ និងក្រុមការងារ អាជ្ញាធរមូលដ្ឋានបានអញ្ជើញចុះត្រួតពិនិត្យមើលនៅត្រង់ចំណុចជ្រោះសែនសុខ ស្ថិតក្នុងភូមិទឹកចេញ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីរៀបចំធ្វើការកែលម្អត្រង់ចំណុចខ្វះខាតមួយចំនួនបន្ថែមទៀតដោយធ្វើឱ្យមានទាក់ទាញ និងបង្កើតនូវសោភណ្ឌភាពស្រស់ស្អាត ទាក់ទាញចំណាប់អារម្មណ៍ ជាពិសេសក្នុងគោលបំណងលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្តឱ្យកាន់តែចូលមកលេងយ៉ាងច្រើនកុះករដែលអាចឱ្យសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក្នុងខេត្តកាន់តែរីកចម្រើនថែមទៀត។

បើតាមការលើកឡើងរបស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តបានមានមានប្រសាសន៍ថា ស្របតាមផែនការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលលើគ្រប់វិស័យ ជាពិសេស ការកសាងហេដ្ឋារចនាសម័្ពន្ធរូបវ័ន្តនានាដូចជា ផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ ជាដើមដែលបច្ចុប្បន្នរដ្ឋបាលខេត្តប៉ៃលិនបាននឹងកំពុងដុតដៃដុតជើង យ៉ាងមមាញឹកខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានារួមទាំងការដាំដើមឈើ ការដាំផ្កាបង្កើតជាទេសភាព ក្នុងការលម្អបន្ថែម និងការថែទាំស្រោចទឹកជាប់ជាប្រចាំ ព្រមទាំងការកែលម្អហេដ្ឋារចនាសម្ព័ន្ធសួនច្បារ សួនពុះចែកទ្រូងផ្លូវឱ្យបានកាន់តែល្អប្រសើរឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋលើផ្នែកបរិស្ថាន និងសុខភាពក៏ដូចជាបន្ថែមនូវក្រវាត់ពណ៌បៃតងក្នុងទីក្រុងឱ្យមានសោភណ្ឌភាពស្រស់បំព្រងគួរឱ្យចាប់អារម្មណ៍ដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិឱ្យចូលមកទស្សនាកម្សាន្តក្នុងខេត្តប៉ៃលិនដែលជាទឹកដីត្បូងពេជ្រឱ្យកាន់តែច្រើនឡើងដែលជាកត្តាមួយចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើងៗ ដែលអាចឈរជើងនៅក្នុងស្រុកជាប់ មិនចំណាកស្រុកទៅធ្វើការនៅប្រទេសគេឡើយ។

សូមបញ្ជាក់ផងដែរថា លោកជំទាវអភិបាលខេត្តប៉ៃលិន គ្រោងនឹងដាក់បន្ថែមពុទ្ធបដិមាផ្ចាញ់មាដ៏ធំដែលធ្វើអំពីថ្មភ្នំ នៅចំណុចជ្រោះសែនសុខស្ថិតនៅបណ្តោយផ្លូវជាតិលេខ៥៧ ដើម្បីលើកកម្ពស់សោភណ្ឌភាពកាន់តែប្លែកភ្នែកថែមទៀត៕

 

Leave a Reply

Your email address will not be published. Required fields are marked *