អភិបាលខេត្តប៉ៃលិនដឹកនាំប្រជុំពង្រឹងប្រសិទ្ធភាព ការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនាឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

(ខេត្តប៉ៃលិន)៖ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តបានដឹកនាំកិច្ចប្រជុំ ដើម្បីពង្រឹងប្រសិទ្ធិភាពការងារក្នុងការបង្ក្រាប និងទប់ស្កាត់បទល្មើសខុសច្បាប់នានា និងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌជាពិសេសការអនុវត្តន៍គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពជូនប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវខ្ពស់។

លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈបញ្ជាការឯកភាពខេត្តបានមានប្រសាសន៍ជំរុញ និងលើកទឹកចិត្ត ដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងអស់ត្រូវបង្កើនការខិតខំប្រឹងប្រែងយកចិត្តទុកដាក់បន្តលើការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងពង្រឹងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព នៅតាមក្រុង ស្រុក ឃុំ សង្កាត់ ជាពិសេសត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងត្រៀមជានិច្ចដើម្បីបង្ការ ទប់ស្កាត់រាល់ករណីបទល្មើសនានាដោយត្រូវដាក់កម្លាំងការពារចុះល្បាតតាមទីកន្លែងកំសាន្តនានា និងនៅតាមទីវត្តអារាមក្នុងខេត្ត។ ម្យ៉ាងវិញទៀត តាមគ្រប់គោលដៅ តាមបណ្តាអធិការដ្ឋាននគរបាល និងតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ត្រូវតែមានមន្ត្រីនៅប្រចាំការ២៤ម៉ោងលើ២៤ម៉ោងដើម្បីត្រៀមដោះស្រាយបញ្ហាផ្សេងៗជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានទាន់ពេល ។

លោកជំទាវបណ្ឌិតអភិបាលខេត្តបានមានប្រសាសន៍លើកឡើងពីស្ថានភាពនៃការអភិវឌ្ឍប្រទេសជាតិនាពេលបច្ចុប្បន្នដែលមានការរីកចម្រើនលើគ្រប់វិស័យក្នុងនោះបងប្អូនប្រជាពលរដ្ឋក៏មានការងារធ្វើ មានជីវភាពធូរធារដោយសាររាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំបន្តរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានគិតគូរខ្ពស់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋព្រមទាំងផ្សាភ្ជាប់ និងការអនុវត្តផ្ទាល់ដោយមានក្រុមការងារចុះជួយពង្រឹងគ្រប់ ភូមិ-ឃុំ ស្រុក-ខេត្តនៅទូទាំងប្រទេស។ ហើយទាំងអស់នេះមិនអាចប្រកែកបានឡើយ គឺកើតចេញពីគោលនយោបាយ ឈ្នះ-ឈ្នះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពប៉ិនប្រសប់របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាដែលធ្វើឱ្យសង្គមជាតិទទួលបាននូវសុខសន្តិភាព សុវត្ថិភាព និងស្ថិរភាពលើផ្ទៃប្រទេស។

នៅក្នុងឱកាសនោះដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋានដែលកន្លងមកបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទួលខុសត្រូវខ្ពស់ និងទទួលបានលទ្ធផលល្អប្រសើរជាពិសេសការបង្កើនប្រសិទ្ធភាពការងារក្នុងការផ្តល់សេវាសាធារណ:ជូនដល់ប្រជាពលរដ្ឋប្រកបដោយសមធម៌ យុត្តិធម៌ តម្លាភាព និងដោះស្រាយបញ្ហាដែលកើតមានឡើងក៏ដូចជាសំណូមពរនានារបស់ប្រជាជនស្របទៅនឹងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល៕

 

 

Leave a Reply

Your email address will not be published. Required fields are marked *