អភិបាលខេត្តប៉ៃលិនព្រលែងកូនត្រីចម្រុះ និងមេពូជជិត៣ម៉ឺនក្បាលដើម្បីអបអរទិវាមច្ឆាជាតិ ១ កក្កដា ២០២៦ ដើម្បីបំផុសប្រជាពលរដ្ឋឱ្យចូលរួមអភិរក្ស និងចិញ្ចឹមបន្ថែម

(ខេត្តប៉ៃលិន)៖ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលខេត្តប៉ៃលិន បានប្រារព្ធពិធីអបអរសាទរទិវាមច្ឆាជាតិ ១ កក្កដា ២០២៦ ដោយបានព្រលែងកូនត្រីចម្រុះ និងមេពូជជិត៣ម៉ឺនក្បាល នៅតំបន់ការពារ និងអភិរក្សជលផល ស្ថិតក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនដែលពិធីនេះមានការអញ្ជើញចូលរូមពីសំណាក់សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធាន-អនុប្រធានមន្ទីរអង្គភាព មន្រ្តីរាជការ ព្រះសង្ឃ អង្គការជាតិ–អន្តរជាតិ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនផងដែរ។

តាមរបាយការណ៍លោក សាយ សុផាត ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិនបានឱ្យដឹងថា ទិវាមច្ឆាជាតិនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបំផុសប្រជារាស្ត្រចូលរួមចំណែកការពារអភិរក្ស និងអភិវឌ្ឍវិស័យជលផលដោយផ្សាភ្ជាប់មនោសញ្ចេតនាជាមួយប្រជាពលរដ្ឋជាពិសេសប្រជានេសាទ និងបំផុសចលនាប្រជាពលរដ្ឋគ្រប់ៗរូបឱ្យចូលរួមយ៉ាងសកម្មក្នុងការថែរក្សាពូជត្រីក៏ដូចជាវារីជាតិផ្សេងៗទៀតឱ្យមាននៅក្នុងដែនទឹកធម្មជាតិព្រមទាំងបង្កើនផលត្រីនៅតាមតំបន់ដែលមិនជាប់ដែននេសាទផងដែរជាពិសេសនៅតាមតំបន់វាលទំនាប និងវាលស្រែទូទាំងខេត្តប៉ៃលិនដើម្បីធានាឱ្យមានផលត្រីនៅតាមទីជនបទឆ្ងាយដាច់ស្រយាល។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តបានលើកឡើងថា ក្នុងស្ថានភាពនៃកំណើនតម្រូវការស្បៀងអាហារ ដោយរត់តាមកំណើនសេដ្ឋកិច្ច និងកំណើនប្រជាជននាពេលបច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យកសិកម្មជាវិស័យអទិភាពមួយក្នុងនោះអនុវិស័យជលផល នៅតែដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែករក្សានិរន្តរភាពនៃកំណើនសេដ្ឋកិច្ចធានាសមធម៌ ធានាសុវត្ថិភាព សន្តិសុខស្បៀង និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ជនបទហើយក៏ជាបណ្តាញមួយនៃសុវត្ថិភាពសង្គម ដោយសារត្រី និងវារីជាតិផ្សេងៗទៀតនៅតែជាអាហារយ៉ាងសំខាន់មិនអាចខ្វះបានរបស់ប្រជាជនបន្ទាប់ពីដំណាំស្រូវ-អង្ករ។ លោកជំទាវអភិបាលខេត្តបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានគាំទ្រសកម្មភាពរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលបាននិងកំពុងអនុវត្តដើម្បីពង្រឹងការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍធនធានជលផលប្រកបដោយចីរភាពសម្រាប់កូនចៅជំនាន់ក្រោយ និងបំផុសស្មារតីចូលរួមតាមរយៈទិវាមច្ឆជាតិ ១ កក្កដា ជារៀងរាល់ឆ្នាំព្រមទាំងផ្តល់អនុសាសន៍ ដល់ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិត្រូវបង្កើនកិច្ចសហការ យកចិត្តទុកដាក់ និងពង្រឹងការគ្រប់គ្រង ការពារ និងអភិរក្សធនធានជលផលដើម្បីធានាបាននិរន្តរភាពបរិស្ថាន ប្រព័ន្ធអេកូឡូស៊ី និងទេសចរណ៍ធម្មជាតិ។ នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៏បានជំរុញដល់ខណ្ឌរដ្ឋបាលជលផលត្រូវរៀបចំដាក់ស្លាកកន្លែង អភិរក្សជលផលឱ្យបានច្បាស់លាស់ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធព្រមទាំងធ្វើសកម្មភាពគ្រប់គ្រងកន្លែងអភិរក្សជលផលឱ្យប្រកបដោយសុវត្ថិភាពជាពិសេសរួមសហការគ្នាបង្ក្រាបបទល្មើសជលផល និងទប់ស្កាត់រាល់ការប្រើប្រាស់ ឧបករណ៍នេសាទដែលបំផ្លិចបំផ្លាញធ្ងន់ធ្ងរ ដល់ធនធានធម្មជាតិឱ្យមានប្រសិទ្ធភាពខ្ពស់ហើយត្រូវខិតខំបំផុស និងគាំទ្រឱ្យប្រជាពលរដ្ឋធ្វើការចិញ្ចឹមត្រីជាលក្ខណៈគ្រួសារ និងលើកទឹកចិត្តដល់វិស័យឯកជនឱ្យវិនិយោគលើការងារចិញ្ចឹមត្រីដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ព្រមទាំងធ្វើការកែច្នៃផលិតផលជលផល ដើម្បីនាំចេញ។

សូមបញ្ជាក់ផងដែរថា ក្នុងពិធីអបអរសាទរទិវាមច្ឆាជាតិ ១ កក្កដា ២០២៦ នេះ លោកជំទាវបណ្ឌិត បាន ស្រីមុំ និងក្រុមការងារបានព្រលែងកូនត្រីពូជមានដូចជា ត្រីឆ្ពិន ត្រីកាហែ ត្រីប្រា និងត្រីចម្រុះប្រមាណចំនួន ២៦ ០០០ក្បាលចូលទៅក្នុងតំបន់ការពារ និងអភិរក្សជលផល ស្ថិតនៅភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅខេត្តប៉ៃលិន។

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *